ថ្ងៃទី20 មេសានេះ សារព័ត៌មាន ដេលី មេល និង ដឹ ហ្គាឌៀន បានរាយការណ៍បន្តអំពីហេតុការណ៍ ជនល្មើសបើករថយន្តដើរបាញ់រះនៅតាមទីកន្លែងជាច្រើននៅភាគខាងជើងទីក្រុងផូតាភីក រដ្ឋណូវ៉ាស្កូសៀ របស់ប្រទេសកាណាដា រយៈពេល 12ម៉ោង ដែលធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច 16នាក់ និងរងរបួសមួយចំនួនទៀត តាំងពីថ្ងៃសៅរ៍ទី18 មេសា កន្លងមក។
មកដល់ពេលនេះ ក្រុមអាជ្ញាធរប៉ូលិស អាចគ្រប់គ្រងស្ថានការណ៍បានហើយ និងបានអះអាងថា ជនល្មើសដែលបានដឹងឈ្មោះនៅពេលក្រោយមកគឺ ហ្គាប្រៀល វ៉តមែន ជាជាងធ្វើធ្មេញសិប្បនិម្មិត អាយុ 51ឆ្នាំ បានស្លាប់ហើយ នៅក្នុងស្ថានីយប្រេងមួយកន្លែង នៅឆ្ងាយពីចំណុចបង្កហេតុទៅភាគខាងត្បូងប្រមាណ 96គីឡូម៉ែត្រ កាលពីអំឡុងពេលព្រឹក នៃថ្ងៃទី19 មេសា តាមពេលវេលាក្នុងស្រុក។
ព័ត៌មានបឋម មិនបានបញ្ជាក់ថា តើជនល្មើស វ៉តមែន បានស្លាប់ដោយរបៀបណានោះទេ តែមានរូបភាពពីកាមេរ៉ារបស់ក្រុមអាជ្ញាធរដែលបំពាក់អាវុធ បានសម្រុកចូលទៅប្រកៀករថយន្តជនល្មើស និងប្រញាប់ប្រញាល់នាំយកសាកសពរបស់ វ៉តមែន ចេញពីស្ថានីយប្រេងនោះ ដែលគេប៉ាន់ស្មានថា អាចត្រូវប៉ូលិសបាញ់សម្លាប់ ចំណែកមូលហេតុ និងតើមានរឿងអ្វីដែលបណ្ដាលឱ្យឈានដល់ការបង្កហេតុបាញ់សម្លាប់មនុស្សរបស់ វ៉តមែន នោះ កំពុងស្ថិតក្នុងការស៊ើបសួរនៅឡើយ។
ទីភ្នាក់ងារព័ត៌មានAP បានបញ្ជាក់ថា សោកនាដកម្មបាញ់រះ សម្លាប់មនុស្សដ៏សាហាវឃោរឃៅបំផុតក្នុងប្រវត្តិសាស្ត្រនៃប្រទេសកាណាដានេះ បានកើតឡើងក្នុងអំឡុងពេលព្រលប់ៗនៃថ្ងៃទី18 មេសា បន្ទាប់ពីជនល្មើស វ៉តមែន ដែលបានបន្លំខ្លួនដោយស្លៀកឯកសណ្ឋានប៉ូលិស បើករថយន្តត្រាច់ចរទៅតាមទីកន្លែងជាច្រើននៅក្នុងទីក្រុងផូថាភីក និងប្រើអាវុធដែលជាកាំភ្លើងយន្ត បាញ់រះទៅលើក្រុមមនុស្សចំនួនដ៏ច្រើន ដោយក្នុងរបាយការណ៍ បានបញ្ជាក់ថា ជនល្មើសបានបើកឡានប៉ូលិស តែក្រោយមកអគ្គស្នងការដ្ឋានប៉ូលិសផ្លូវគោក នៃប្រទេសកាណាដា បានថ្លែងអះអាងថា ជារថយន្តច្នៃប្រឌិតធ្វើឱ្យដូចរថយន្តប៉ូលិស។
លោកវរសេនីយ៍ឯកប៉ូលិស គ្រីស លេធើរ ស្នងការប៉ូលិសកាណាដា បានថ្លែងបញ្ជាក់ ដោយបានជឿថា ហេតុការណ៍នោះ ជាទង្វើរបស់ជនល្មើសតែម្នាក់ឯងគត់ ខណៈដែលលោកឧត្ដមសេនីយ៍ទោប៉ូលិស លី ប៊ើរគើរមែន ជំនួយការអគ្គស្នងការប៉ូលិសជាតិ បានថ្លែងថា មន្ត្រីប៉ូលិសម្នាក់ឈ្មោះ ហេឌិ ស្ទីវេនសុន អាយុ 23ឆ្នាំ ជាជនរងគ្រោះម្នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះ។
ក្រោយពេលបំពេញតួនាទីដែលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ និងព្យាយាមការពារប្រជាជន លោកបានធ្វើដំណើរទៅជួបក្រុមគ្រួសាររបស់មន្ត្រីប៉ូលិស ស្ទីវេនសុន និងគ្មានពាក្យអ្វី ថ្លែងក្នុងការប្រៀបធៀបក្ដីឈឺចាប់របស់ពួកគេបានឡើយ “កូនទាំង 2នាក់ត្រូវបាត់បង់ម្ដាយ ស្វាមីត្រូវបាត់បង់ភរិយា ឪពុកម្ដាយត្រូវបាត់បង់កូនស្រី និងក្ដីបាត់បង់ជាច្រើនទៀតពីមិត្តភក្តិ និងមន្ត្រីមិត្តរួមការងារ”
ចំណែកលោកនាយករដ្ឋមន្ត្រី ចាស្ទីន ធ្រូដូ មេដឹកនាំកាណាដា បានថ្លែងថ្កោលទោសថា នេះគឺជាហេតុការណ៍ដ៏អាក្រក់បំផុតមួយ។ ចំណែកលោក ថម ធែកហ្គាត សមាជិកសភាតំបន់ក្រុងផូថាភីក បានថ្លែងថា អ្នករស់នៅក្នុងទីក្រុងដែលធ្លាប់តែស្ងប់សុខមួយនេះ កំពុងភ័យរន្ធត់ និងមិនចង់ជឿថា មានហេតុការណ៍ដ៏អាក្រក់កើតឡើងនៅទីនេះឡើយ។
ប្រភព៖ សារព័ត៌មានបរទេស