សហរដ្ឋអាមេរិកនៅតែជាសម្បុកមេរោគCOVID-19 ធំជាងគេបង្អស់ក្នុងពិភពលោក ដោយមានអ្នកជំងឺសរុប699,706នាក់ និងអ្នកស្លាប់សរុប36,727នាក់ ក្នុងនោះមានអ្នកជំងឺថ្មី32,481នាក់ និងអ្នកស្លាប់ថ្មី4,041នាក់។
រដ្ឋ New York ដែលជាចំណុចកណ្ដាលនៃវីរុសនៅសហរដ្ឋអាមេរិក នឹងបើកមជ្ឈមណ្ឌលធ្វើតេស្ត COVID-19 ចំនួន5កន្លែងបន្ថែមទៀតចាប់ពីថ្ងៃទី20មេសាខាងមុខ។
សហរដ្ឋអាមេរិកទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេដោយសារវិបត្តិសុខភាពដែលបង្កឡើងដោយវីរុសCOVID-19 នាបច្ចុប្បន្ន។ វិបត្តិនេះ បានធ្វើឱ្យមនុស្សជាច្រើនត្រូវបាត់បង់ការងារធ្វើ ក្នុងនោះមានជាង22លាននាក់ត្រូវបង្ខំចិត្តដាក់ពាក្យសុំជំនួយពីរដ្ឋាភិបាល។ ចំណែកវិស័យកសិកម្មរបស់ប្រទេសនេះវិញ ក៏រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ ព្រោះតែផលិតផលរបស់ពួកគេគ្មានទីផ្សារ។
ទាក់ទិននឹងវិស័យកសិកម្ម ប្រធានាធិបតីអាមេរិកាំង កាលពីថ្ងៃទី17មេសា បានប្រកាសប្រើប្រាស់កញ្ចប់ថវិកាជំនួយ19ពាន់លានដុល្លារ សម្រាប់ជួយដល់វិស័យកសិកម្ម។ កម្មវិធីនេះរួមមាន ការទូទាត់ផ្ទាល់ដល់កសិករ ម្ចាស់កសិដ្ឋាន និងក្រុមអ្នកផលិតកសិផលដែលត្រូវបានលោក Trump និយាយថា បានឆ្លងកាត់ “ការខាតបង់មិនធ្លាប់មានពីមុនមក នៅក្នុងយុគសម័យរោគរាតត្បាត”៕
ប្រភព៖ សារព័ត៌មានបរទេស