ក្រុមតារាវិទូបានសង្កេតទៅលើករណីបន្ទុះផ្កាយ (supernova) មួយដ៏អស្ចារ្យ ដែលវាប្រហែលជាកើតឡើងនៅពេលផ្កាយ2ដួងប៉ះទង្គិចគ្នា នាំឱ្យបញ្ចេញពន្លឺខ្លាំងជាង5ដងធៀបនឹងពន្លឺនៃការបន្ទុះផ្កាយធម្មតា។
ការផ្ទុះរបស់ផ្កាយ “យក្ស” មួយដែលត្រូវបានគេហៅថា SN2016aps កើតឡើងនៅក្នុងកាឡាក់ស៊ីមួយដែលមានចម្ងាយពីផែនដីប្រមាណជា3.6ពាន់លានឆ្នាំពន្លឺ គឺជាបន្ទុះផ្កាយដែលជះពន្លឺខ្លាំងបំផុតមិនធ្លាប់មានពីមុនមក។ នេះបើតាមលទ្ធផលនៃការសង្កេតរបស់ក្រុមតារាវិទូដឹកនាំដោយ Matt Nicholl ដែលត្រូវបានចុះផ្សាយនៅលើទស្សនាវដ្ដី Nature Astronomy កាលពីថ្ងៃទី13មេសា។
Matt Nicholl មកពីសាកលវិទ្យា Birmingham ប្រទេសអង់គ្លេស និងជាប្រធានក្រុមតារាវិទូដែលបានសង្កេតលើបន្ទុះផ្កាយមួយនេះ បានឱ្យដឹងថា “ករណីផ្ទុះផ្កាយជាធម្មតា វិទ្យុសកម្មកើតឡើងមិនដល់1%នោះទេ បើធៀបទៅនឹងថាមពលសរុប។ ក៏ប៉ុន្តែ ចំពោះ SN2016aps យើងបានសង្កេតឃើញថា វាបញ្ចេញសារធាតុវិទ្យុសកម្មច្រើនជាង5ដង ធៀបនឹងថាមពលសរុបនៃការបន្ទុះផ្កាយធម្មតា។ នេះគឺជាពន្លឺខ្លាំងបំផុតដែលយើងមិនធ្លាប់បានឃើញពីមុនមក”។
ភាពចម្លែករបស់ SN2016aps ត្រូវបានក្រុមតារាវិទូយល់ថា វាជាការផ្ទុះផ្កាយប្រភេទ PPI (pulsational pair-instability) ដែលក្នុងនោះមានផ្កាយធំៗ2បានប៉ះទង្គិចគ្នា នៅមុនពេលពួកវាបានផ្ទុះ ក្លាយជា supernova។
SN2016aps ត្រូវបានរកឃើញកាលពីឆ្នាំ2016 ដោយកែវយឹតនៅលើដី ឈ្មោះ Pan-STARRS (Panoramic Survey Telescope and Rapid Response System) ស្ថិតនៅលើកោះ Hawaii សហរដ្ឋអាមេរិក។ ក្រុមតារាវិទូខាងលើបានតាមសង្កេតករណីផ្ទុះផ្កាយនេះអស់រយៈពេល2ឆ្នាំមកហើយ ដោយប្រើកែវយឹតអវកាស Hubble របស់ NASA រួមនឹងឧបករណ៍ជាច្រើនផ្សេងទៀតនៅលើដី៕
ប្រភព៖ សារព័ត៌មានបរទេស