នាវាចម្បាំងផ្ទុកឧទ្ធម្ភាគចក្រ Type-075 ដំបូងដែលត្រូវបានផលិតផ្ទាល់ដោយប្រទេសចិន បានឆេះសន្ធោសន្ធៅ បន្ទាប់ពីសាងសង់បានសម្រេចជាស្ថាពរនៅទីក្រុងសៀងហៃ ប៉ុន្តែ គេមិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយ។
ហេតុការខាងលើនេះបានកើតឡើងនៅក្នុងរោងចក្រផលិតនាវា Hudong Zhonghua Shipyard ក្នុងទីក្រុងសៀងហៃកាលពីព្រឹកថ្ងៃទី11មេសា។ អណ្ដាតភ្លើងហាក់បានរាលដាលចេញពីបន្ទប់ផ្ទុកឧទ្ធម្ភាគចក្រ ដែលស្ថិតនៅខាងក្នុងនាវា Tepe-075។
អគ្គិភ័យនេះត្រូវបានពន្លត់ទាន់ពេល ប៉ុន្តែនាវានេះត្រូវរងការខូចខាតច្រើន។ ចំពោះមូលហេតុនៃហេតុការណ៍នេះ មិនទាន់ត្រូវបានគេឱ្យដឹងនៅឡើយ។ រីឯភាគីខាងក្រសួងការពារជាតិចិន ក៏មិនទាន់មានមតិជុំវិញបញ្ហានេះដែរ។
ទំហំរបស់នាវាផ្ទុកឧទ្ធម្ភាគចក្រនេះ ប្រហាក់ប្រហែលនឹងនាវាចម្បាំង Wasp របស់សហរដ្ឋអាមេរិក។ ប៉ុន្តែនាវានេះ អាចនឹងមានសមត្ថភាពអន់ជាងច្រើនបើធៀបនឹងនាវារបស់អាមេរិកាំង ព្រោះថា Tepe-075 មិនមានយន្តហោះដែលអាចហោះឡើងដោយប្រើផ្លូវខ្លី និងចុះចតត្រង់ពីលើ (STOVL) ដូចទៅនឹង F-35B និង MV-22 Osprey៕
ប្រភព៖ សារព័ត៌មានបរទេស