“ខ្ញុំមិនដែលបានស្រមៃដល់ទិដ្ឋភាពបែបនេះនោះទេ” អ្នកស្រុកឥណ្ឌាម្នាក់បាននិយាយបែបនេះ នៅពេលបានឃើញជួរភ្នំហ៊ីម៉ាឡាយ៉ាដ៏មហិមា នៅឯនាយជើងមេឃ បើទោះវាមានចម្ងាយ200គីឡូម៉ែត្រពីទីនេះ។
ប្រការដ៏ចម្លែកនេះ បានកើតឡើងនៅពេលដែលវិស័យឧស្សាហកម្មរបស់ពិភពលោក បានផ្អាក ឬកាត់បន្ថយសកម្មភាព ព្រោះតែវីរុសCOVID-19។ មូលហេតុនេះហើយដែលបានជួយដល់ការកាត់បន្ថយផ្សែងពុលនៅក្នុងបរិស្ថាន និងបរិយាកាសទាំងមូលររបស់ពិភពលោក។
អ្នកស្រុកនៅតំបន់ Jalandhar រដ្ឋ Punjab ភាគខាងជើងប្រទេសឥណ្ឌា ដែលមានចម្ងាយជាង200គីឡូម៉ែត្រពីភ្នំហ៊ីម៉ាឡាយ៉ា សុទ្ធតែមានការសប្បាយរីករាយ និងនាំគ្នាបង្អួតទិដ្ឋភាពដែលកម្របានឃើញនេះនៅលើបណ្ដាញសង្គម Facebook ក៏ដូចជានិយាយអំពីស្ថានភាពបរិស្ថាននៅប្រទេសឥណ្ឌា។
ឥណ្ឌកំពុងតែអនុវត្តបម្រាមគោចរនៅទូទាំងប្រទេសក្នុងរយៈពេល21ថ្ងៃ ដើម្បីទប់ស្កាត់វីរុសCOVID-19។ នៅលើដងផ្លូវនានា គេសម្គាល់ឃើញថា ហាក់មិនមានមនុស្សធ្វើដំណើរទាល់តែសោះ។ ក្រុមហ៊ុន និងរោងចក្រតិចតួចប៉ុណ្ណោះដែលនៅដំណើរការ ដែលកត្តានេះហើយបានរួមចំណែកកាត់បន្ថយផ្សែងពុលនៅក្នុងបរិយាកាស។
គណៈកម្មធិការជាតិគ្រប់គ្រងផ្សែងពុលនៃប្រទេសឥណ្ឌា បានបញ្ជាក់ថា បទបញ្ជាបម្រាមគោចរបានជួយឱ្យកម្រិតនៃផ្សែងពុលត្រូវថយចុះ។ ចំណែកអង្គភាពស៊ើបការណ៍សម្ងាត់របស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា India Today បានរកឃើញថា គុណភាពខ្យល់បានល្អប្រសើរឡើងវិញដល់ទៅ33% ក្នុងអំឡុងពីថ្ងៃទី16ដល់27មីនា ឆ្នាំ2020។
ប្រទេសឥណ្ឌាដែលមានប្រជាជនជាង1.3ពាន់លាននាក់ ត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសថា មានពលរដ្ឋប្រមាណជា1.5លាននាក់បានស្លាប់ដោយសារខ្យល់ពុលក្នុងបរិយាកាសកាលពីឆ្នាំ2012។ កម្រិតនៃខ្យល់ពុលនៅឥណ្ឌាខ្ពស់ជាង5ដងបើធៀបនឹងកម្រិតសុវត្ថិភាពរបស់ WHO។
គិតមកដល់បច្ចុប្បន្ន ប្រទេសឥណ្ឌាទាំងមូលមានអ្នកជំងឺសរុបជាង6,500នាក់ ក្នុងនោះមាន199នាក់បានបាត់បង់ជីវិតដោយសារវីរុសCOVID-19៕
ប្រភព៖ សារព័ត៌មានបរទេស