ទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើល…មនុស្សម្នាចំនួនដ៏ច្រើននាំគ្នាសម្រុកទៅភ្នំហួងសាន ក្នុងមណ្ឌលអានហ៊ុយ ប្រទេសចិន បានបង្ហាញឱ្យឃើញពីភាពស្មុគស្មាញដែលប្រទេសនេះអាចនឹងប្រឈមនាពេលអនាគត ក្នុងខណៈដែលប្រទេសមួយនេះកំពុងព្យាយាមវិលត្រឡប់មករកសភាវប្រក្រតី និងព្យាយាមទប់ស្កាត់ការរស់ឡើងវិញរបស់វីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 ឱ្យបាននោះ។
ជ្រលងភ្នំទេសចរណ៍ដ៏ពេញនិយមដែលស្ថិតនៅភាគខាងកើតឆៀងខាងត្បូងរបស់ប្រទេសចិន ត្រូវបិទការបម្រើសេវាកម្មជាថ្មីម្ដងទៀត ក្រោយពីមនុស្សម្នាជាច្រើនម៉ឺននាក់ បានប្រជ្រៀតគ្នាដើរ ក្លាយជាខ្សែផ្លូវវែងមួយបន្តកន្ទុយគ្នា បំណងឡើងទៅកម្សាន្តលើភ្នំ ក្នុងអំឡុងថ្ងៃចុងសប្ដាហ៍កន្លងទៅ ក្រោមក្ដីបារម្ភកង្វល់យ៉ាងខ្លាំងថា វាអាចនឹងក្លាយជាគំនរភ្លើងដែលនឹងធ្វើឱ្យផ្ទុះវិបត្តិការឆ្លងរាលដាលរបស់មេរោគកូវីដ-19 ឡើងជាថ្មីម្ដងទៀត។
ប្រជាជនជាច្រើនម៉ឺននាក់នាំគ្នាចេញមកដើរលេងកម្សាន្ត ក្រោយពីរដ្ឋបាលមណ្ឌលអានហ៊ុយ មានប្រូម៉ូសិនដើរកម្សាន្តហ្វ្រ៊ី 29កន្លែង សង្ឃឹមបង្កើនចំនួនអ្នកទេសចរ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃសៅរ៍(ទី4មេសា)ចុងសប្ដាហ៍កន្លងទៅ។
ក្នុងផែនការជំរុញវិស័យទេសចរណ៍នេះ អ្នកទេសចរត្រូវបានសំណូមពរឱ្យបង្ហាញពីស្ថានភាពខាងសុខភាពតាមរយៈអ៊ែបភ្លីខេសិនមួយ ពាក់ម៉ាស់អនាម័យការពារ និងមានមន្ត្រីចាំត្រួតពិនិត្យសីតុណ្ហភាពរាងកាយ មុននឹងអនុញ្ញាតឱ្យឡើងទៅ…។
តែយ៉ាងណាក៏ដោយ កាលពីថ្ងៃអាទិត្យ(ទី5មេសា) មន្ត្រីនៅឯឧទ្យាននោះ បានប្រាប់ថា ចាំបាច់ត្រូវបិទមណ្ឌលទេសចរណ៍មួយនេះជាថ្មីម្ដងទៀត ដោយសារតែចំនួនអ្នកទេសចរបានកើនលើសចំនួនដែលបានកំណត់ទុក 20,000នាក់ក្នុង 1ថ្ងៃ និងសំណូមពរឱ្យទៅដើរលេងកម្សាន្តនៅទីកន្លែងផ្សេងទៀត ឬរង់ចាំមកកម្សាន្តនៅភ្នំមួយនេះ នាឱកាសក្រោយទៀតក៏បាន។
រូបថត និងវីដេអូ ដែលបានផ្សព្វផ្សាយនៅលើ វើយប៉ ផ្លាតហ្វ៉មព័ត៌មានបណ្ដាញសង្គមអនឡាញរបស់ចិន បានបង្ហាញឱ្យឃើញពីហ្វូងមនុស្សដ៏ច្រើនកុះករ ប្រជ្រៀតគ្នាដើរឡើងទៅលើភ្នំ ក្នុងអំឡុងថ្ងៃឈប់សម្រាក 3ថ្ងៃ នៃថ្ងៃឆេងម៉េង។ មានអ្នកលេងបណ្ដាញសង្គមជាច្រើនបានបញ្ចេញការយល់ឃើញ ដូចជា “វិស័យទេសចរណ៍បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដូចគ្នានឹងវិស័យឧស្សាហកម្មដទៃទៀតដែរ តែមេរោគឆ្លងរាតត្បាត នៅមិនទាន់ចប់ទេ បើអ្នកត្រូវការបើកកន្លែងទេសចរណ៍ឡើងវិញ អ្នកចាំបាច់ត្រូវតែកំណត់ចំនួនអ្នកទេសចរ”។
ប្រទេសចិនបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងមេរោគកូវីដ-19 ថ្មីនៅក្នុងថ្ងៃចន្ទ(ទី6មេសា) ម្សិលមិញ ត្រឹមតែ 39នាក់ប៉ុណ្ណោះ និងមានអ្នកស្លាប់បន្ថែម 2នាក់នៅក្នុងប្រទេស៕
ប្រភព៖ សារព័ត៌មានបរទេស