ឥណ្ឌា៖ ប្ដីប្រពន្ធមួយគូនៅឯទីក្រុង Raipur បានដាក់ឈ្មោះឱ្យកូនភ្លោះរបស់ខ្លួនថា Corona និង Covid ដើម្បីចងចាំនូវការលំបាកដែលបង្កឡើងដោយវីរុស COVID-19 ដែលពួកគេបានឆ្លងកាត់។
ពាក្យ “Corona” និង “Covid” អាចធ្វើឱ្យមនុស្សជាច្រើនភ័យខ្លាច ប៉ុន្តែចំពោះប្ដីប្រពន្ធមួយគូនៅក្នុងទីក្រុង Raipur នៃរដ្ឋ Chhattisgarh របស់ប្រទេសឥណ្ឌាវិញ បានចាត់ទុកថាជា និមិត្តរូបនៃការយកឈ្នះទៅលើស្ថានភាពលំបាក ដោយសារតែកូនភ្លោះរបស់ពួកគេបានចាប់កំណើតក្នុងកាលៈទេសៈដែលប្រជាជននៃប្រទេសឥណ្ឌាទាំងមូលកំពុងរស់នៅក្រោមបម្រាមគោចរ។
“ខ្ញុំបានទទួលកូនទាំង2រូប ម្នាក់ស្រី និងម្នាក់ប្រុស កាលពីព្រឹកព្រលឹមក្នុងថ្ងៃទី27មីនា” Preeti Verma អាយុ27ឆ្នាំ ជាម្ដាយរបស់ទារកភ្លោះទើបកើត បាននិយាយបែបនេះ។ “ពួកយើងបានដាក់ឈ្មោះឱ្យកូនប្រុសថា Covid និងកូនស្រីថា Corona។ ខ្ញុំបានបង្កើតពួកគេបន្ទាប់ពីបានប្រឈមនឹងការលំបាកជាច្រើន ដូច្នេះហើយ ខ្ញុំ និងប្ដីខ្ញុំ មានបំណងចង់ចងចាំកាលៈទេសៈនេះ”។
ប្ដីប្រពន្ធនេះ មានស្រុកកំណើតនៅក្នុងរដ្ឋ Uttar Pradesh និងកំពុងរស់នៅក្នុងផ្ទះជួលមួយនៅតំបន់ Raipur។ យប់នៃថ្ងៃទី26មីនា នាង Verma ឈឺពោះយ៉ាងខ្លាំង ធ្វើឱ្យប្ដីរបស់នាងត្រូវហៅឡានពេទ្យ102 Mahtari Express មកដឹកនាងទៅពេទ្យជាបន្ទាន់។ ប៉ុន្តែ មធ្យោបាយធ្វើដំណើរទាំងអស់ត្រូវបានហាមឃាត់ក្នុងអំឡុងពេលអនុវត្តបទបញ្ជាបម្រាមគោចរ។ ពួកគេត្រូវបានសមត្ថកិច្ចជាច្រើនកន្លែងរារាំង និងសួរនាំ។ ញាតិរបស់ Verma ក៏មិនអាចទៅថែទាំនាងបាន ព្រោះតែរថយន្តក្រុង និងរថភ្លើងសុទ្ធតែត្រូវផ្អាកដំណើរការ។
“ពួកគេបានសម្រេចចិត្តឆ្លងទន្លេដោយការវះកាត់ ព្រោះនេះគឺជាករណីស្មុគស្មាញ”។ នេះបើតាមការឱ្យដឹងពីលោក Shubhra Singh ដែលជាតំណាងរបស់មន្ត្រីពេទ្យ Dr BR Ambedkar Memorial។ ក្រោយរយៈពេល45នាទី កូនភ្លោះមួយគូបានចាប់កំណើត។ ទារកទាំង2នាក់នេះ មានសុខភាពល្អ និងមានទម្ងន់2.9 និង2.7គីឡូក្រាម។
Verma ថ្លែងថា បើទោះជាបង្កគ្រោះថ្នាក់ធំធេង ប៉ុន្តែ វីរុសCOVID-19 បានធ្វើឱ្យមនុស្សទូទៅមានការចាប់អារម្មណ៍ទៅលើបញ្ហាអនាម័យជាងមុន និងចងចាំទម្លាប់ល្អផ្សេងៗទៀត។
“នៅពេលបុគ្គលិកពេទ្យបានហៅទារកទាំង2ថា Corona និង Covid យើងក៏សម្រេចចិត្តដាក់ឈ្មោះនេះឱ្យកូនៗ” Verma និយាយបែបនេះ។ ប៉ុន្តែ ប្ដីប្រពន្ធនេះបានឱ្យដឹងថា ពួកគេអាចនឹងកែប្រែការសម្រេចចិត្ត និងប្ដូរឈ្មោះឱ្យកូនៗ នៅពេលក្រោយ។
ប្រទេសឥណ្ឌា បច្ចុប្បន្នមានអ្នកជំងឺ COVID-19 ជាង2,500នាក់ ក្នុងនោះមាន70នាក់បានបាត់បង់ជីវិត។ រដ្ឋាភិបាលប្រទេសនេះបានដាក់បម្រាមគោចរចាប់ពីថ្ងៃទី25មីនា ដោយស្នើឱ្យប្រជាជនប្រមាណជា1.3ពាន់លាននាក់ នៅតែក្នុងផ្ទះ ហើយមានតែសេវាកម្មចាំបាច់ប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យដំណើរការ៕
ប្រភព៖ សារព័ត៌មានបរទេស