អ្នកបើកបររថភ្លើងម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានព្យាយាមបង្វែរក្បាលរថភ្លើងតម្រង់ទៅកាន់នាវាមន្ទីរពេទ្យ USNS Mercy នៅក្នុងរដ្ឋ Los Angeles ដោយសារតែអ្នកបើកបររូបនេះ សង្ស័យអំពីគោលបំណងនៃវត្តមានរបស់នាវាមន្ទីរពេទ្យនេះ។
Eduardo Moreno អាយុ44ឆ្នាំ រស់នៅក្នុងតំបន់ San Pedro ត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ ក្រោយការបំផ្លាញរថភ្លើងកាលពីយប់ថ្ងៃទី31មករា” នេះបើតាមការប្រកាសរបស់ការិយាល័យមេធាវីនៃតំបន់ Central District ក្នុងរដ្ឋ California នាថ្ងៃនេះ។
កាមេរ៉ានៅកន្លែងកើតហេតុបានបង្ហាញថា Moreno បានបើកបររថភ្លើងក្នុងល្បឿនលឿនបំផុតនៅចុងផ្លូវដែក ក្បែរកំពង់ផែ Los Angeles។ រថភ្លើងនេះបានបុករបងបេតុង រួចទម្លុះរបងដែក និងរបងសំណាញ់ដែក បន្ទាប់មកក៏ជ្រុលទៅដល់ទីលានចតរថយន្ត និងបុកទៅលើជញ្ជាំងរបងផ្សេងមួយទៀត។
ហេតុការណ៍នេះ មិនបានធ្វើឱ្យមានអ្នកស្លាប់នោះទេ ហើយក៏មិនមានរថយន្តណាមួយត្រូវរងការខូចខាតនោះដែរ។ ក្បាលរថភ្លើង បានឈប់ក្នុងរយៈចម្ងាយប្រហែល200ម៉ែត្រពីនាវាមន្ទីរពេទ្យ USNS Mercy។
ជនសង្ស័យបានសារភាពរួចហើយនៅក្នុងការសួរចម្លើយរបស់សមត្ថកិច្ចនៅឯកំពង់ផែ Los Angeles នៅមុនពេលត្រូវបានបញ្ជូនទៅកាន់ការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI)។ Moreno បានឱ្យដឹងថា សកម្មភាពនេះត្រូវបានធ្វើឡើងដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមអ្នកសារព័ត៌មាន ដោយបានអះអាងថា វត្តមានរបស់នាវាមន្ទីរពេទ្យ USNS Mercy មិនមែនដើម្បីជួយដល់ការប្រឆាំងនឹងវីរុសCOVID-19 នោះទេ ប៉ុន្តែវាគ្រាន់តែជា “ផ្នែកមួយក្នុងផែនការក្ដោបក្ដាប់អំណាចរបស់រដ្ឋាភិបាល” តែប៉ុណ្ណោះ។ នេះបើតាម Washington Times។
“Moreno យល់ថា USNS Mercy ពិតជាគួរឱ្យសង្ស័យ ហើយគាត់ក៏មិនជឿទៅលើការប្រកាសរបស់មន្ត្រីអំពីគោលបំណងរបស់វា (នាវា)” នេះបើតាមការប្រកាសរបស់ការិយាល័យមេធាវី។ ការប្រកាសនេះបន្តថា ជនសង្ស័យអាចប្រឈមនឹងការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល20ឆ្នាំ។
មុននេះ ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាឱ្យនាវាមន្ទីរពេទ្យ USNS Mercy ធ្វើដំណើរទៅកាន់ Los Angeles និងនាវា USNS Comfort ទៅកាន់ទីក្រុង New York។ នាវានីមួយៗ មានគ្រែចំនួន1,000 និងបន្ទប់វះកាត់ចំនួន12។ នាវាទាំងនេះមិនមានសមត្ថភាពព្យាបាល COVID-19 នោះទេ ប៉ុន្តែវាអាចទទួលព្យាបាលអ្នកជំងឺធម្មតា (ក្រៅពីជំងឺកូរ៉ូណា) ដើម្បីទុកឱ្យមន្ទីរពេទ្យនានានៅលើគោក អាចផ្ដោតទៅលើការព្យាបាលតែអ្នកជំងឺ COVID-19។
USNS Comfort និង USNS Mercy គឺជានាវាមន្ទីរពេទ្យដែលស្ថិតក្នុងក្រុមនាវា Mercy ដែលជានាវាប្រភេទធំបំផុតលំដាប់ទី3ក្នុងជួរកងទ័ពជើងទឹកសហរដ្ឋអាមេរិក បន្ទាប់ពីកំពូលនាវា Nimitz និង Gerald R. Ford៕
ប្រភព៖ សារព័ត៌មានបរទេស