អ្នកលក់ឆ្នោតប្រមាណជា8,000នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន 50,000ដុង (2.14ដុល្លារ)/ថ្ងៃ ទៅតាមសំណើរបស់មន្ទីរការងារ-យុទ្ធជនពិការ និងសង្គមកិច្ច។
ការផ្ដល់ជំនួយនេះ មានរយៈពេល15ថ្ងៃ រាប់ចាប់ពីថ្ងៃទី1មេសា។ ប្រាក់ជំនួយដែលបានមកពីមូលនិធិដើម្បីអ្នកក្រទីក្រុង និងស្រុកខណ្ឌនេះ មានទំហំឡើងដល់ជិត6ពាន់លានដុង (257,000ដុល្លារអាមេរិក)។
ប្រការខាងលើនេះ ត្រូវបានធ្វើឡើងទៅតាមការស្នើរបស់គណៈកម្មធិការទីក្រុងហូជីមិញ បន្ទាប់ពីក្រុមហ៊ុនឆ្នោតនានាបានផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារតែវីរុសCOVID-19។
កិច្ចប្រជុំរបស់គណៈកម្មធិការប្រជាជននៃទីក្រុងហូជីមិញកាលពីថ្ងៃទី27មីនា បានអនុម័តទៅលើខ្ទង់ប្រាក់ឧបត្ថម្ភជាង2,750ពាន់លានដុង (118,193,000ដុល្លារអាមេរិក) ដើម្បីទប់ស្កាត់ COVID-19 ក្នុងនោះ ខ្ទង់ប្រាក់ប្រមាណជា1,800ពាន់លានដុង (77,356,000ដុល្លារ) សម្រាប់ជួយដល់ពលរដ្ឋជួបការលំបាកដោយសារ COVID-19 ដោយម្នាក់ៗនឹងទទួលបាន1លានដុង (43ដុល្លារ) /ខែ រួមមាន៖ គ្រូបង្រៀន បុគ្គលិកសិក្សាកម្រិតមត្តេយ្យឯកជន។ ទីក្រុងហូជីមិញក៏មានគម្រោងជួយដល់ជនអនាថា និងអ្នកទីទាល់ក្រផងដែរ។
បច្ចុប្បន្ន ទីក្រុងសៃហ្គន (ហូជីមិញ) បានរកឃើញអ្នកផ្ទុកមេរោគCOVID-19 ចំនួន50នាក់ និងជាង9,000នាក់កំពុងត្រូវបានដាក់ឱ្យនៅដោយឡែកតាមតំបន់ និងជិត1,800នាក់ត្រូវបង្ខាំងខ្លួននៅក្នុងផ្ទះ។
នៅក្នុងថ្ងៃនេះ (1មេសា) នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ក៏បានចុះហត្ថលេខាលើសេចក្ដីសម្រេចក្នុងការប្រកាសបញ្ជាក់ថាវីរុសCOVID-19 រាតត្បាតទូទាំងប្រទេសជាផ្លូវការផងដែរ បន្ទាប់ពីបានចេញបទបញ្ជាដាក់បម្រាមគោចរនៅគ្រប់ខេត្តក្រុង៕
ប្រភព៖ សារព័ត៌មានបរទេស