យន្តហោះដឹកមនុស្ស8នាក់ ក្នុងនោះមានអ្នកជំងឺម្នាក់ បានផ្ទុះឆេះ និងជ្រុលចេញផុតពីផ្លូវនៃព្រលានយន្តហោះ Ninoy Aquino ក្នុងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។
យន្តហោះធន់តូច IAI Westwind ត្រូវបានគេឱ្យដឹងថា ជាយន្តហោះដែលរដ្ឋាភិបាលប្រទេសហ្វីលីពីនជួលដើម្បីដឹកអ្នកជំងឺម្នាក់ទៅកាន់ប្រទេសជប៉ុន។ យន្តហោះ ដែលមានស្លាកលេខ RP-C5880នេះ បានចាប់ផ្ដើមហោះហើរនៅវេលាម៉ោង20 ថ្ងៃទី29មីនា។ ក្នុងពេលចាប់ផ្ដើមហោះហើរ យន្តហោះនេះស្រាប់តែឆេះសន្ធោសន្ធៅ និងធ្លាក់ចេញពីផ្លូវក្នុងព្រលានយន្តហោះ។ កងកម្លាំងពន្លត់អគ្គិភ័យត្រូវប្រើពេលដល់ទៅ1ម៉ោង ទើបអាចពន្លត់ភ្លើងឆេះយន្តហោះនេះបាន។
អ្នកយកព័ត៌មានក្នុងស្រុក Dexter Cabalza បានឱ្យដឹងថា យន្តហោះនេះដឹកមនុស្ស8នាក់ ក្នុងនោះមានបុគ្គលិកសុខាភិបាល3នាក់ និងអ្នកជំងឺម្នាក់។ សារព័ត៌មាន Reuters បានចេញផ្សាយថា មនុស្សទាំង8នាក់នៅលើយន្តហោះនេះ បានបាត់បង់ជីវិត។ ចំណែកអ្នកជំងឺម្នាក់នៅលើយន្តហោះនេះ គេមិនទាន់ដឹងច្បាស់ថា ជាអ្នកជំងឺ COVID-19 ឬយ៉ាងណានោះដែរ។
នៅមុនពេលជួបគ្រោះថ្នាក់ យន្តហោះនេះបានហោះហើរជាច្រើនលើកជុំវិញបណ្ដាកោះរបស់ហ្វីលីពីន ដើម្បីដឹកជញ្ជូនឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ។ ទន្ទឹមនឹងនេះ យន្តហោះនេះក៏ធ្លាប់បានហោះទៅកាន់ប្រទេសជប៉ុន ប្រទេសថៃ និងកោះតៃវ៉ាន់ផងដែរ៕
ប្រភព៖ សារព័ត៌មានបរទេស