រាជរដ្ឋាភិបាលថៃរំពឹងថា ការនាំចេញសរុបរបស់ប្រទេសនេះនឹងរងឥទ្ឋិពលខ្លះៗ ប្រសិនបើរដ្ឋាភិបាលអាមេរិកដាក់ចេញនូវវិធានការមួយចំនួនទាក់ទងទៅនឹងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ឧបនាយករដ្ឋមន្ត្រីថៃទទួលបន្ទុកផ្នែកសេដ្ឋកិច្ច លោក Somkid Jatusripitakបាននិយាយក្រោយកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធដែលរួមមានផ្នែកឯកជន ធនាគារកណ្តាល ក្រសួងសេដ្ឋកិច្ច ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម សហព័ន្ធឧស្សាហកម្មថៃ និងសភាពាណិជ្ជកម្មថៃថា ផលប៉ះពាល់នៃការនាំចេញរបស់ខ្លួនអាចនឹងមិនមានទំហំធំដូចការបារម្ភពីមុននោះទេ។ លោកបានបន្តថា អតិរេកពាណិជ្ជកម្មរវាងប្រទេសថៃ និងអាមេរិកមានទំហំតិចតួច។
កាលពីពេលថ្មីៗនេះប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើការបញ្ជាទិញជាដៃគូដើម្បីធ្វើការស៊ើបអង្កេតពីអតុល្យភាពរបស់ប្រទេសទាំង2 និងបានប្តេជ្ញាពង្រឹងពាណិជ្ជកម្មរបស់ខ្លួន ដើម្បីបញ្ជប់ឱនភាពពាណិជ្ជកម្មរបស់អាមេរិក។ ការបញ្ជាទិញមួយក្នុងចំណោមការបញ្ជាទិញជាច្រើនទៀតបានទុកពេលឱ្យក្រសួងពាណិជ្ជកម្មអាមេរិកចំនួន90ថ្ងៃ ដើម្បីធ្វើការរាយការណ៍ទៅលើកត្តានៅពីក្រោយហានិភ័យពាណិជ្ជកម្មក្នុងប្រទេសខ្លួន។
ករណីនេះលោក Somkid បានបង្ហាញថា៖ “ឱនភាពរវាងប្រទេសថៃ និងសហរដ្ឋអាមេរិក មានចំនួនតិចតួចណាស់បើធៀបនឹងប្រទេសផ្សេងទៀត។ លោកបន្តថា៖“ការនាំចេញទំនិញរបស់ថៃទៅកាន់សហរដ្ឋអាមេរិកមានចំនួន 10% ក្នុងចំណោមប្រទេសទាំងអស់។ ទំនិញសំខាន់មួយគឺគ្រឿងបន្លាស់អេឡិចត្រូនិកដែលត្រូវបានបញ្ជាទិញដោយក្រុមហ៊ុនអាមេរិកក្នុងប្រទេសថៃ។ គ្រឿងបន្លាស់អេឡិចត្រូនិកទាំងនោះភាគច្រើនត្រូវបាននាំចេញត្រឡប់មកវិញ និងប្រមូលផ្តុំនៅអាមេរិក ដែលអាចបង្កើតការងារ និងចំណូលសម្រាប់អាមេរិក។
លោក Somkid បានបន្ថែមថា អតិរេកពាណិជ្ជកម្មថៃកើតឡើងដោយសារសកម្ម ភាពនៃវិស័យឯកជនតែប៉ុណ្ណោះ មិនមែនចេញមកពីឧបាយកលនៃចរាចរណ៍ប្រាក់បាតថៃ ឬការអន្តរាគមន៍របស់មន្ត្រីរដ្ឋាភិបាលថៃនោះឡើយ។
យោងតាមស្ថិតិដែលលោក Somkidបានដកស្រង់បានឱ្យដឹងថា អតិរេកពាណិជ្ជថៃគឺពិតជាកើតចេញពីសកម្មភាពនៃវិស័យឯកជន។ ក្រុមហ៊ុនឯកជនដ៏ធំរបស់ថៃ មានផែនការវិនិយោគបន្ថែមទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាលថៃ មានគម្រោងទិញយន្តហោះ Boeing និងគ្រឿងសព្វាវុធពីអាមេរិក។ ទោះបីយ៉ាងណា លោក Somkidនិយាយថា ក្រុមហ៊ុននាំចេញរបស់ថៃ នឹងស្វែងរកទីផ្សារសម្រាប់ការនាំចេញថ្មីៗទៀត ប្រសិនបើរដ្ឋាភិបាលអាមេរិក អនុម័តវិធានការរឹតបន្តឹង។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោកស្រី Apiradi Tantraporn ថ្មីៗនេះបាននិយាយថា មន្ត្រីពាណិជ្ជកម្មថៃ បាននឹងកំពុងសិក្សាទៅលើលទ្ធភាពនៃវិធានការដែលបានចេញដែលធ្វើឱ្យប៉ះពាល់ដល់ប្រទេសថៃ ជាពិសេសនៅតំបន់រសើបមួយចំនួនដូចជាអចលនទ្រព្យ ពន្ធ និងសិទ្ធិមិនមែនសារពើពន្ឋ។ លោកស្រីបន្ថែមថាអ្វីដែលគេបានមើលឃើញ គឺមិនមែនផលប៉ះពាល់រយៈពេលខ្លីនោះទេ ករណីនេះក្រសួងនឹងរក្សាការនាំចេញឱ្យបានក្នុងកម្រិត 5% នៅឆ្នាំ2017។
ជាមួយគ្នានេះលោក Chen Namchaisiri អគ្គនាយកនៃសហព័ន្ធឧស្សាហកម្មថៃ និយាយថា វិស័យឯកជនគួរត្រៀមខ្លួនដោះស្រាយផលវិបាកនានា នៃគោលនយោបាយថ្មីរបស់ សហរដ្ឋអាមេរិកនេះ៕