តើប្រិយមិត្តអ្នកអានទាំងអស់បានតាមដានដែរឬទេ នូវរឿងដ៏កក្រើកមួយនៅក្នុងប្រទេសថៃដែលជាប្រទេសជិតខាងរបស់ប្រទេសកម្ពុជាយើង? នោះគឺរឿងដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុនដ៏ល្បីឈ្មោះ និងធំមួយរបស់ប្រទេសថៃ ដែលមានឈ្មោះថា “ដឺ អាយខុន គ្រុប” (The iCon Group) ដែលទទួលបាននូវពាក្យបណ្តឹងពីសំណាក់ប្រជាជនថៃរាប់ពាន់នាក់ថា ជាក្រុមហ៊ុនឆបោក និងបានបោកប្រាស់លុយកាក់របស់ប្រជាជនថៃរហូតដល់ជាង១.៦១ពានលានបាត។
នៅពេលថ្មីៗនេះ នាយកប្រតិបត្តិនៃក្រុមហ៊ុន ដឺ អាយខុន គ្រុប លោក Warathaphon Waratyaworrakul “ហៅ Boss Paul” បានបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅថ្ងៃសុក្រ ទី១៨ ខែតុលាកន្លងទៅថ្មីៗនេះ ដើម្បីវែកមុខរកអ្នកចូលរួមឆបោកប្រជាជនថៃនៅក្នុងគម្រោង ដឺ អាយខុន គ្រុប បន្ថែមទៀត។
ប៉ូលីសក៏បាននាំខ្លួនជនសង្ស័យចំនួន១៧នាក់ផ្សេងទៀតទៅកាន់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការសាកសួរស៊ើបអង្កេត និងធ្វើការឃុំខ្លួន ខណៈដែលស្ថាបនិក និងជានាយកប្រតិបត្តិ ដឺ អាយខុន គ្រុប លោក Warathaphon Waratyaworrakul “Boss Paul” កំពុងត្រូវបានសាកសួរដោយក្រុមស៊ើបអង្កេតនៅឡើយ។
ក្នុងនោះក៏មានតារាល្បីឈ្មោះ លោក Yuranan Pamornmontri “ហៅ Boss Sam” កញ្ញា Pechaya Wattanamontri “ហៅ Boss Min” និងលោក Kan Kantathavorn “ហៅ Boss Kan” ព្រមទាំងជនសង្ស័យចំនួន១៤នាក់ផ្សេងទៀតនៅក្នុងសំណុំរឿងក្លែងបន្លំ ដឺ អាយខុន គ្រុប ត្រូវបានបញ្ជូនទៅតុលាការព្រហ្មទណ្ឌនៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលាកន្លងទៅនេះ ដោយអ្នកទាំងអស់ត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងហើយ។
ជនសង្ស័យចំនួន១៨នាក់នៅក្នុងសំណុំរឿងក្លែងបន្លំ និងឆបោក ដឺ អាយខុន គ្រុប ត្រូវបានបញ្ជូនទៅពន្ធនាគារបន្ទាប់ពីតុលាការព្រហ្មទណ្ឌបានបដិសេធសំណើសុំនៅក្រៅឃុំដែលដាក់ដោយតារាល្បីបីនាក់ ដោយលើកឡើងពីហានិភ័យនៃការហោះហើរ ខណៈដែលអ្នកផ្សេងទៀតមិនបានដាក់ពាក្យសុំដោះលែងនោះទេ។
សេចក្តីសម្រេចនេះបានធ្វើឡើងនៅថ្ងៃដែលនាយកដ្ឋានស៊ើបអង្កេតពិសេស DSI បានកំណត់ទីតាំងម៉ាស៊ីនមេដែលមានកំណត់ត្រាអាជីវកម្មរបស់ក្រុមហ៊ុនលក់អនឡាញ ដែលត្រូវបានចោទប្រកាន់ពីបទដំណើរការគម្រោងពីរ៉ាមីត។ អាជ្ញាធរថៃក៏បានរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃសរុប២២០លានបាត រួមទាំងរថយន្តទំនើបៗជាច្រើនគ្រឿងពីជនសង្ស័យទាំងនោះផងដែរ។
ជនសង្ស័យទាំង១៨រូប ដែលត្រូវបានគេហៅថា “ចៅហ្វាយនាយ – The Boss” នៅក្នុងឋានានុក្រមរបស់ ដឺ អាយខុន គ្រុប ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងការក្លែងបន្លំ និងបញ្ចូលព័ត៌មានមិនពិតទៅទៅដល់ប្រជាជនទូទៅឱ្យជឿស្លុង និងធ្វើការបណ្តាក់ទុនជាមួយក្រុមហ៊ុន ដឺ អាយខុន គ្រុប ហើយអ្នកទាំង១៨រូបនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ បន្ទាប់ពីមនុស្សជាង១,០០០នាក់បានដាក់ពាក្យបណ្តឹងរឿងក្លែងបន្លំប្រឆាំងនឹងក្រុមហ៊ុន ដឺ អាយខុន គ្រុប។ ពួកគេនិយាយថា ដឺ អាយខុន គ្រុប បានទាក់ទាញពួកគេដោយផ្តល់វគ្គបណ្តុះបណ្តាលលក់អនឡាញថោកៗ ហើយបន្ទាប់មកបានបង្ខិតបង្ខំពួកគេឱ្យធ្វើការប្តេជ្ញាចិត្តក្នុងការកាត់ស្តុកផលិតផលយកទៅលក់បន្ត ដែលនាំឱ្យពួកគេត្រូវខាតបង់ប្រាក់កាសរាប់រយពាន់បាត៕