មន្ត្រីក្រសួងពាណិជ្ជកម្មថៃ នាថ្ងៃទី 29 មេសានេះ ឱ្យដឹងថា ប្រទេសនេះនឹងយកពន្ធអាករលើតម្លៃបន្ថែម 7% ចំពោះរាល់ទំនិញនាំចូល ដោយមិនបែងចែកតម្លៃ ចាប់ពីខែឧសភាតទៅ។
លោក Lavaron Sangsnit លេខាអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្មថៃ ថ្លែងថា បច្ចុប្បន្ន ប្រទេសថៃអនុវត្តគោលនយោបាយលើកលែងពន្ធនាំចូល និងអាករលើតម្លៃបន្ថែម (VAT) ចំពោះទំនិញនាំចូលនីមួយៗដែលមានតម្លៃក្រោម 1,500 បាត ដែលប្រហែលនឹង 40.5 ដុល្លារអាម៉េរិក។
ក៏ប៉ុន្តែ ការលើកលែងពន្ធនាំចូលខាងលើនាពេលកន្លង បានធ្វើឱ្យកើតមានបញ្ហាមិនស្មើភាពគ្នា ពិសេសគឺនៅពេលទំនិញតម្លៃទាបរបស់ចិន ត្រូវបាននាំចូលលក់ពាសពេញទីផ្សារប្រទេសថៃ។ បញ្ហានេះបានជំរុញឱ្យអាជ្ញាធរថៃ ចាត់វិធានការជាបន្ទាន់ ហើយការយកពន្ធលើកតម្លៃបន្ថែម 7% ចំពោះទំនិញនាំចូលគ្រប់មុខនឹងត្រូវបានអនុវត្តចាប់ពីថ្ងៃទី1 ខែឧសភាតទៅ។