ក្រុមហ៊ុន Klein Vision នៅប្រទេសស្លូវ៉ាគី បានបញ្ចប់ជើងហោះហើរដំបូងលើពិភពលោកដោយឡានដែលអាចផ្លាស់ទីទាំងនៅលើដី និងនៅលើអាកាស។
Klein Vision សម្រេចបានជំហានសំខាន់នេះជាមួយនឹងឡានហោះគំរូ AirCar។ ឡានហោះនេះដឹកភ្ញៀវម្នាក់ដែលជាតន្ត្រីករជនជាតិបារាំង Jean-Michel Jarre។ ការធ្វើតេស្តសាកល្បងត្រូវបានធ្វើឡើងនៅក្នុងព្រលានយន្តហោះនៅស្លូវ៉ាគី។ នៅក្នុងវីដេអូដែលបានចែករំលែកដោយក្រុមហ៊ុន ឡានកីឡាដែលមានស្លាបនេះបានបរដោយកង់បួន ហើយហោះឡើងបន្តិចម្ដងៗ។ តែប៉ុន្មាននាទីប៉ុណ្ណោះ AirCar ក៏បានហោះឡើងដោយសុវត្ថិភាព។
ឆ្នាំ 2021 AirCar បានបញ្ចប់ជើងហោះហើរពីទីក្រុងមួយទៅទីក្រុងមួយជាលើកដំបូង ក្នុងនោះវាបានហោះហើររយៈពេល 15នាទីរវាងព្រលានយន្តហោះអន្តរជាតិ Nitra និង Bratislava នៅប្រទេស្លូវ៉ាគី។ ឡានហោះនេះត្រូវបានរចនាឡើងដើម្បីអាចបរនៅលើដងផ្លូវ និងហោះនៅលើអាកាស។
AirCar ត្រូវបានធានាសុវត្ថិភាពដោយឆត្រយោង ហើយក្នុងអនាគត ក្រុមហ៊ុននឹងអភិវឌ្ឍកាប៊ីន ដែលមានកៅអីបី និងបួន។
ក្នុងដំណាក់កាលដំបូង AirCar ប្រើប្រាស់ម៉ាស៊ីន BMW 160 កម្លាំងសេះ។ កំណែពីរកៅអីមានទម្ងន់ប្រហែល 1,100 គីឡូក្រាម អាចដឹកទម្ងន់បាន 200 គីឡូក្រាម។ ក្នុងការហោះហើរសាកល្បង AirCar បានហោះដល់កម្ពស់ 2,500 ម៉ែត្រ និងល្បឿន 190 គីឡូម៉ែត្រ/ម៉ោង។
ក្នុងអនាគត Klein Vision នឹងសាកល្បងម៉ាស៊ីនសម្រាប់អាកាសចរណ៍ ADEPT ទំនើប ដែលមាំ ស្រាល និងសន្សំសំចៃថាមពល។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Klein Vision ក៏បានបញ្ចប់ការរចនាជាមូលដ្ឋាន និងការវាយតម្លៃ ចំពោះកំណែមួយកៅអីដែលអាចហោះបានជាង 300 គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចហោះបាន 1,000 គីឡូម៉ែត្រ។