ស្ថានីយស្រាវជ្រាវព្រះចន្ទដែលមានរូបរាងដូចទៅនឹងគ្រាប់ស៊ុត ក្នុងនោះមានកន្លែងសម្រាប់អ្នកអវកាសធ្វើការពិសោធ និងកន្លែងសម្រាប់ជីវភាពប្រចាំថ្ងៃ។
ក្រុមអ្នកវិទ្យាចិនទើបតែបានបង្ហើបឱ្យដឹងអំពីគំរូដំបូងនៃស្ថានីយស្រាវជ្រាវលើឋានព្រះចន្ទ។ ស្ថានីយដែលមានឈ្មោះថា Moon Pot និងមានរូបរាងដូចទៅនឹងគ្រាប់ស៊ុតនេះ ត្រូវបានរចនាឡើងដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong University។
លោក Li Bin ដែលជាលេខារបស់សាកលវិទ្យាល័យខាងលើ ឱ្យដឹងថា តាមរយៈការបង្កើតស្ថានីយស្រាវជ្រាវមួយលើឋានព្រះចន្ទ អវកាសចរនឹងមានកន្លែងសម្រាប់ស្រាវជ្រាវ និងធ្វើកិច្ចការប្រចាំថ្ងៃ ព្រោះស្ថានីយនេះផ្ដល់សុវត្ថិភាព និងអាចរស់នៅបាន។
បច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រកំពុងផ្ដោតទៅលើការរចនាម៉ូដសម្រាប់ Moon Pot ដើម្បីអាចសាងសង់បានដោយការបោះពុម្ពបែប 3D ដែលប្រើប្រាស់វត្ថុធាតុដែលត្រូវបាននាំយកមកពីឋានព្រះចន្ទដោយយាន Chang’e 5។
យោងតាមអង្គការអវកាសចិន (CNSA) បេសកកម្មអវកាសនាពេលអនាគតដែលរួមមាន Chang’e 7 (2026), Chang’e 8 (2028) នឹងបង្កើតរូបមន្តមូលដ្ឋានសម្រាប់ស្ថានីយស្រាវជ្រាវព្រះចន្ទដំបូងរបស់ចិន។