(សហរដ្ឋអាម៉េរិក) – FuZe គឺជាឧបករណ៍ខ្នាតតូចតម្លៃទាប អាចបង្កើតកម្ដៅពីប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (Nuclear fusion) យ៉ាងឆាប់រហ័ស និងអាចឆ្លើយតបនឹងតម្រូវការអគ្គិសនីរបស់មនុស្សនៅក្នុងអនាគត។
ឧបករណ៍ខ្នាតតូចមួយដែលផលិតឡើងដោយក្រុមហ៊ុនថាមពល Zap Energy នៅសហរដ្ឋអាម៉េរិក បង្កើតកម្ដៅអេឡិចត្រុងប្លាស្មាពី 1 ទៅ 3 keV ដែលប្រហែលនឹងពី 11 ទៅ 37 លានអង្សាសេ។ នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 23 មេស 2024។
ខុសពីប្រតិកម្មនុយក្លេអែរបែបបំបែកអាតូម (Nuclear fission) ដែលប្រើប្រាស់នៅក្នុងបណ្ដារោងចក្រថាមពលនុយក្លេអែរលើពិភពលោកបច្ចុប្បន្ន ប្រតិកម្មនុយក្លេអែរបែបប្រមូលផ្ដុំអាតូម (ជាធម្មតាគឺអាតូមរបស់ deuterium និង tritium) ដែលហៅថា Nuclear fusion គឺមិនបញ្ចេញសារធាតុវិទ្យុសកម្មឡើយ។
មិនដូចទៅនឹងបច្ចេកវិទ្យា Nuclear fusion ដទៃ FuZe ក្រុមហ៊ុនថាមពល Zap Energy មិនត្រូវការមេដែកមហាកម្លាំង ឬពន្លឺឡាស៊ែរកម្លាំងខ្លាំងដើម្បីបង្កើតប្លាស្មានោះទេ ដូច្នេះហើយវាមានតម្លៃទាបខ្លាំង។