បន្ទាប់ពីភ្លៀងធំបង្កទឹកជំនន់ ប្រជាពលរដ្ឋនៅទីក្រុងឌូបៃរបស់អេមីរ៉ាត់អារ៉ាប់រួម (UAE) ដែលត្រូវរងផលប៉ះពាល់ធ្ងន់ធ្ងរ នឹងទទួលបានការពន្យារពេលសងបំណងធនាគារ 6 ខែ និងជួសជុលផ្ទះដោយមិនគិតថ្លៃ។
ធនាគារជាតិ UAE (CBUAE) ទើបតែអនុម័ត និងប្រកាសស្នើឱ្យគ្រប់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង អនុញ្ញាតឱ្យពន្យារពេលលើការបង់ប្រាក់សងត្រឡប់ចំពោះឥណទានផ្ទាល់ខ្លួន និងឥណទានទិញរថយន្ត ចំពោះអតិថិជនដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រយៈពេល 6ខែ។ ការពន្យារពេលបង់ប្រាក់សងធនាគារនេះនឹងមិនមានការប្រាក់ ឬការចំណាយបន្ថែម។
ទន្ទឹមនឹងនេះ CBUAE ក៏បានសម្រេចថា ការខូចខាតយានជំនិះ និងផ្ទះសំបែងដោយជំនន់ទឹកភ្លៀងកាលពីសប្ដាហ៍កន្លង នឹងត្រូវបានធានារ៉ាប់រង បើសិនមានកិច្ចសន្យាធានារ៉ាប់រងការបាត់បង់ និងការខូចខាត។ ដូច្នេះ បណ្ដាក្រុមហ៊ុនធានារ៉ាប់រងត្រូវតែមានកាតព្វកិច្ចអនុវត្តតាមការព្រមព្រៀង។