អាជ្ញាធរថៃ គ្រោងនឹងនាំចេញផ្លែទុរេនប្រហែលមួយលានតោន ដែលមានតម្លៃប្រមាណ 130 ពាន់លានបាត (3.53 ពាន់លានដុល្លារអាម៉េរិក) ទៅកាន់ទីផ្សារបរទេសនៅក្នុងឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេសចិនគឺជាទីផ្សារធំជាងគេ។
រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ កាលពីថ្ងៃទី 20 មេសា 2024 បានឱ្យដឹងថា លោកបានណែនាំឱ្យគណៈកម្មការផ្លែឈើ ជួបជាមួយកសិករដាំដើមទុរេន ក្រុមអ្នកបែងចែកប្រភេទ និងកាត់ផ្លែទុរេន ឈ្មួញ ក្រុមអ្នកគ្រប់គ្រងរោងចក្រដែលទាក់ទងនឹងទុរេន អ្នកនាំចេញ រួមនឹងស្ថាប័នដែលទាក់ទង ដើម្បីពិភាក្សាគ្នា រកដំណោះស្រាយសម្រាប់ការធានាគុណភាពផ្លែទុរេន និងឆ្លើយតបទៅនឹងស្ដង់ដាគុណភាព ក៏ដូចជាការតម្រូវ GAP របស់ប្រទេសចិន។
រដ្ឋមន្ត្រីកសិកម្មថៃ ក៏បានស្នើឱ្យរកវិធីកាត់បន្ថយការចំណាយរបស់ប្រជាកសិករ ទៅលើជី និងថ្នាំសម្រាប់ទុរេន។ ចំណែកនាយកដ្ឋានធារាសាស្ត្រថៃ ក៏ត្រូវបានណែនាំឱ្យគ្រប់គ្រងប្រព័ន្ធស្រោចស្រព ដើម្បីធានាឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ចម្ការទុរេននៅក្នុងខេត្តនានារបស់ប្រទេសនេះ។
យោងតាមក្រុមមន្ត្រីកសិកម្មថៃ ចម្ការទុរេនជាង 64 ពាន់ហិកតានៅក្នុងបណ្ដាខេត្តភាគខាងកើតប្រទេសថៃ បានចុះឈ្មោះជាមួយនឹងស្ថាប័នគយរបស់ប្រទេសចិន និងបានទទួលវិញ្ញាបនបត្រ GAP ពីស្ថាប័ននេះ។ ប្រការនេះនឹងបង្កលក្ខណៈងាយស្រួលសម្រាប់ការនាំចេញផ្លែទុរេនរបស់ពួកគេទៅកាន់ទីផ្សារចិន។