(វៀតណាម) – ក្រសួងដឹកជញ្ជូនវៀតណាម ឱ្យដឹងថា ចាប់ពីខែតុលាខាងមុខ បណ្ដាស្ថានីយសំចតរបស់ផ្លូវល្បឿនលឿននានានៅប្រទេសវៀតណាម នឹងមានស្ថានីយបញ្ចូលថាមពលសម្រាប់រថយន្តអគ្គិសនី។ សេចក្ដីសម្រេចថ្មីនេះនឹងមានសុពលភាពចាប់ពីថ្ងៃទី 5 ខែតុលា ឆ្នាំ 2024។
យោងតាមសារព័ត៌មានវៀតណាម ស្ថានីយសំចតរបស់ផ្លូវល្បឿនលឿនត្រូវបានចែកជាបួនប្រភេទ ក្នុងនោះប្រភេទទីមួយមានទំហំផ្ទៃក្រឡាយ៉ាងតិច 10,000 ម៉ែត្រការ៉េ និងទីពីរត្រូវមានទំហំ 5,000 ម៉ែត្រការ៉េ ខណៈទីបីត្រូវមានទំហំ 3,000 ម៉ែត្រការ៉េ និងទីបួនត្រូវមានទំហំ 1,000 ម៉ែត្រការ៉េ។
សេចក្ដីសម្រេចថ្មីខាងលើក៏បានចែងថា ចំនួនទីតាំងសម្រាប់ចតឡានដែលអាចបញ្ចូលឡានអគ្គិសនីចូលសាកថ្ម ត្រូវតែមានចំណែក 10% ធៀបនឹងទំហំផ្ទៃក្រឡាសរុបសម្រាប់ចតឡាន ហើយវាត្រូវបានតម្រូវឱ្យមាននៅក្នុងស្ថានីយសំចតប្រភេទទីមួយ និងទីពីរ។ ចំណែកស្ថានីយប្រភេទទីបី និងទីបួន ត្រូវបានលើកទឹកចិត្តឱ្យមានផងដែរ។