អារ៉ាប៊ីសាអូឌីត នឹងកាត់បន្ថយប្រវែងរបស់គម្រោងទីក្រុង 170 គីឡូម៉ែត្រ មកនៅត្រឹម 2.4 គីឡូម៉ែត្រ ដែលអាចឱ្យមនុស្សរស់នៅបាន 300,000 នាក់។
ក្រុមមន្ត្រីនៅប្រទេសអារ៉ាប៊ីសាអូឌីត កំពុងតែកែសម្រួលមហាគម្រោង NEOM។ គម្រោងអភិវឌ្ឍសមុទ្រខ្សាច់នេះ ដើរតួនាទីសំខាន់ក្នុងផែនការដែលជួយឱ្យប្រទេសនេះ កាត់បន្ថយការពឹងផ្អែកទៅលើអណ្ដូងប្រេង។ ក៏ប៉ុន្ត យោងតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី 11 មេសា ថវិកាឆ្នាំ 2024 របស់គម្រោងនេះ មិនទាន់ត្រូវបានអនុម័តនៅឡើយ។
មហាគម្រោង NEOM នឹងរួមមាន 10 តំបន់ ក្នុងនោះក៏មានទាំងទីក្រុងអណ្ដែត Oxagon និងតំបន់លំហែ Trojena។ ប៉ុន្តែ អ្វីដែលត្រូវបានរំលឹកច្រើនជាងគេបំផុត នោះគឺ The Line ដែលជាគម្រោងទីក្រុងប្រវែង 170 គីឡូម៉ែត្រ។
The Line រួមមាន អគារកប់ពពកចំនួនពីរដែលស្ថិតនៅទន្ទឹមគ្នា និងមានកម្ពស់ខ្ពស់ជាងអគារ Empire State Building ទៅទៀត។ ទីក្រុងទាំងមូលដែលមានប្រវែងជិត 200 គីឡូម៉ែត្រនេះ នឹងស្ថិតនៅកណ្ដាលអគារទាំងពីរនេះ។
តាមគម្រោង ទីក្រុង The Line នឹងអាចដាក់មនុស្សបាន 1.5 លាននាក់។ ក៏ប៉ុន្តែ ប្រភពព័ត៌មានរបស់ Bloomberg ឱ្យដឹងថា គម្រោងទីក្រុងនេះកំពុងត្រូវបានកាត់បន្ថយពី 170 គីឡូម៉ែត្រ ចុះមកនៅត្រឹម 2.4 គីឡូម៉ែត្រ នៅពេលស្ថាបនាក្នុងឆ្នាំ 2030។ ដូច្នេះ សមត្ថភាពផ្ទុករបស់ទីក្រុងនេះក៏ថយមកនៅត្រឹម 300,000 នាក់។
ការចំណាយទៅលើមហាគម្រោង NEOM គឺប្រមាណ 1.5 លានលាន (1.5 ទ្រីលាន) ដុល្លារអាម៉េរិក។ ថវិកាសម្រាប់ NEOM ភាគច្រើនបានមកពីមូលនិធិវិនិយោគសាធារណៈ (PIF) ដែលគ្រប់គ្រងដោយរាជទាយាទរបស់អារ៉ាប៊ីសាអូឌីត។
ការកាត់បន្ថយទំហំរបស់ The Line គឺបណ្ដាលមកពីទុនបម្រុងជាសាច់ប្រាក់បានថយចុះមកនៅត្រឹម 15 ពាន់លានដុល្លារ គិតត្រឹមខែកញ្ញា ឆ្នាំ 2023។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកគ្រប់គ្រងឱ្យដឹងថា ផ្នែកផ្សេងៗរបស់គម្រោង NEOM នៅតែបន្តទៅតាមផែនការ។