រាជរដ្ឋាភិបាលថៃ គ្រោងនឹងជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការឧបត្ថម្ភប្រាក់ 5សែនលានបាត ដល់ប្រជាជនប្រមាណ 50 លាននាក់ សម្រាប់ការទិញទំនិញ។
នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin ទើបតែបានប្រកាសអំពីផែនការផ្ដល់ប្រាក់ឧបត្ថម្ភចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់ពលរដ្ឋគ្រប់លក្ខខណ្ឌម្នាក់ៗ ដើម្បីផ្គត់ផ្គង់ជីវភាព។ កម្មវិធីដែលមានទំហំទឹកប្រាក់ 5 សែនលានបាត (13.75 ពាន់លានដុល្លារអាម៉េរិក) និងភាគច្រើនមានប្រភពពីថវិកាជាតិឆ្នាំ 2024 និង 2025 នេះ នឹងត្រូវបានអនុវត្តនៅត្រីមាសទីបួនក្នុងឆ្នាំ 2024។
តាមផែនការ ពលរដ្ឋថៃដែលមានអាយុចាប់ពី 16 ឆ្នាំឡើងទៅ និងមានប្រាក់ចំណូលក្រោម 70,000 បាតក្នុងមួយខែ ហើយមានប្រាក់តិចជាង 500,000 បាតក្នុងគណនីធនាគារ នឹងទទួលបានប្រាក់ឧបត្ថម្ភ 10,000 បាត តាមរយៈកាបូបលុយឌីជីថល់។ ដោយយោងទៅលើគោលការណ៍ខាងលើ អាជ្ញាធរថៃគណនាឃើញថា ពលរដ្ឋប្រមាណ 50 លាននាក់នឹងបានទទួលប្រាក់ឧបត្ថម្ភនេះ។
លោក Srettha Thavisin ឱ្យដឹងថា គោលនយោបាយនេះនឹងជំរុញកំណើនផលិតផលក្នុងស្រុកសរុប (GDP) ពី 1.2 ដល់ 1.6 ភាគរយបន្ថែមទៀត។
ក្រៅពីការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ គោលនយោបាយថ្មីនេះក៏ធ្វើឡើងដើម្បីជាការគោរពតាមពាក្យសន្យាក្នុងពេលឃោសនាបោះឆ្នោតកាលពីឆ្នាំកន្លង របស់បក្ស Pheu Thai ផងដែរ។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញព្រួយបារម្ភថា ការផ្ដល់ប្រាក់ឧបត្ថម្ភនេះ ពុំមែនជាវិធីដែលមានប្រសិទ្ធភាពដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។