ក្រសួងហិរញ្ញវត្ថុថៃ ឱ្យដឹងថា ប្រទេសនេះនឹងបញ្ចេញគោលនយោបាយថ្មីជាច្រើន ដែលគាំទ្រដល់ទីផ្សារអចលនទ្រព្យ ដើម្បីរួមចំណែកស្ដារសេដ្ឋកិច្ចជាតិ។
ក្រសួងហិរញ្ញវត្ថុថៃ គ្រោងនឹងដាក់សំណើស្ដីពីការបន្ថយការចំណាយទៅលើសេវាផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ពី 2% ចុះមកនៅត្រឹម 0.01% សម្រាប់ផ្ទះដែលមានតម្លៃដល់ 7 លានបាត (ប្រហែល 190,890 ដុល្លារអាម៉េរិក) ជូនគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។
ទន្ទឹមនឹងនេះ ថៃក៏អាចនឹងបន្ធូរបន្ថយពន្ធចំពោះអ្នកដែលចង់សាងសង់ផ្ទះ ព្រមទាំងបន្ថយអត្រាការប្រាក់ចំពោះអ្នកមានចំណូលទាបដែលចង់ខ្ចីប្រាក់ទិញផ្ទះផងដែរ។
ស្ថាប័នខាងលើក៏នឹងដាក់សំណើដើម្បីធ្វើវិសោធនកម្មច្បាប់ដែលទាក់ទងនឹងសិទ្ធិកាន់កាប់ផ្ទះរបស់ជនបរទេស។ ក្នុងនោះ រយៈពេលនៃការជួលផ្ទះ អាចនឹងត្រូវបានបន្ថែមសុពលភាពពី 30 ឡើងដល់ 99 ឆ្នាំ ព្រមទាំងអាចអនុញ្ញាតឱ្យជនបរទេសទិញផ្ទះស្នាក់នៅប្រភេទខ្លះទៀតផង។
ក្រុមហ៊ុនទិន្នន័យ Statista (អាល្លឺម៉ង់) បានគណនាឃើញថា ទំហំទីផ្សារអចលនទ្រព្យនៅប្រទេសថៃ នឹងកើនឡើងដល់ជាង 2.5 ទ្រីលាន (2,500,000,000,000) ដុល្លារអាម៉េរិក ក្នុងឆ្នាំនេះ។ ក្នុងនោះ ទីផ្សារផ្ទះស្នាក់នៅមានតម្លៃសរុបជាង 2 ទ្រីលានដុល្លារ៕