យាន Voyager 1 បញ្ជូនទិន្នន័យគ្មានតម្លៃចាប់ពីចុងខែវិច្ឆិកា 2023 ដោយសារតែបន្ទះឈីបនៅលើយាន ទំនងជាបានប៉ះទង្គិចជាមួយនឹងភាគល្អិតថាមពលខ្ពស់។
ក្នុង 5 ខែកន្លង យានអវកាស Voyager 1 បានបញ្ជូនទិន្នន័យដែលមិនអាចអានបាន មកកាន់ផែនដី។ មុននោះ យាននេះតែងតែបញ្ជូនរលកសញ្ញាវិទ្យុជាទៀតទាត់ នៅពេលវាហោះកាន់តែឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ។ ក៏ប៉ុន្តែ នៅខែវិច្ឆិកា 2023 រលកសញ្ញាបែរជាខុសប្រក្រតី ព្រោះទិន្នន័យដែលវាបញ្ជូនមក មិនអាចឱ្យក្រុមអ្នកវិទ្យាសាស្ត្រអានបាន ហើយពួកគេក៏មិនដឹងមូលហេតុនៃបញ្ហា។
ក្នុងខែមីនា 2024 ក្រុមវិស្វករណាសា បានបញ្ជូនរលកសញ្ញារំលឹកអំពីការបញ្ជាយាន ដើម្បីទាញយកព័ត៌មានពីប្រព័ន្ធរងផ្នែកទិន្នន័យនៃការហោះហើរ (FDS) របស់ Voyager 1។ ក្រោយពីបានបកស្រាយរលកសញ្ញាវិទ្យុឆ្លើយតបរបស់យាន ក្រុមវិស្វករក៏បានរកឃើញថា ដើមហេតុនៃបញ្ហាគឺស្ថិតនៅត្រង់អង្គចងចាំរបស់ FDS ត្រូវខូច។ នេះបើតាមទំព័រ Live Science ចុះផ្សាយកាលពីថ្ងៃទី 5 មេសា។
ទោះជាយ៉ាងណាក៏ដោយ ណាសានៅតែអាចរកវិធីដំណើរការ FDS ដោយមិនចាំបាច់មានឈីបដែលបានឆេះ និងស្ដារសមត្ថភាពបញ្ជូនទិន្នន័យរបស់យាន។ ប៉ុន្តែ ដំណោះស្រាយនេះត្រូវការពេលច្រើនខែទៀត។
ចាប់តាំងពីត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 1977 យាន Voyager 1 បានហោះឆ្ងាយពីព្រះអាទិត្យក្នុងល្បឿនប្រហែល 17 គីឡូម៉ែត្រក្នុងមួយ។ យាននេះបានហោះចូលដល់តំបន់អន្តរតារាកាលពីឆ្នាំ 2012 ហើយក៏ក្លាយជាយានដំបូងគេដែលធ្វើបានដូច្នេះ។ បច្ចុប្បន្ន វាគឺជាវត្ថុផលិតដោយមនុស្ស ដែលស្ថិតនៅឆ្ងាយពីផែនដីជាងគេបង្អស់។