យានប្រភេទបាឡុងហោះមានមនុស្សបើកបរ AS700 ដែលអភិវឌ្ឍដោយក្រុមវិស្វករចិន បានទទួលជោគជ័យក្នុងជើងហោះហើរ «សម្ពោធ» ជាផ្លូវការលើកដំបូង កាលពីថ្ងៃទី 30 ខែមីនា ឆ្នាំ 2024។
យាន AS700 ហោះឡើងពីទីក្រុង Jingmen នៃខេត្ត Hubei នៅវេលាម៉ោងជាង 6 ព្រឹក ថ្ងៃទី 30 ខែមីនា ឆ្នាំ 2024 និងចុះចតដោយជោគជ័យនៅឯទីក្រុង Jingzhou របស់ខេត្ត Hubei ដដែល បន្ទាប់ពីការហោះហើររយៈពេល 106 នាទី។ AS700 ស្ថិតនៅក្នុងទីក្រុង Jingzhou ក្នុងរយៈពេលខ្លី មុននឹងហោះត្រលប់ទៅកាន់ទីក្រុង Jingmen វិញ ដើម្បីបញ្ចប់ជើងហោះសម្ពោធជាផ្លូវការលើកដំបូង។
ស្ថាប័នដែលអភិវឌ្ឍ AS700 គឺជាក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ដែលជាអ្នកផលិតយន្តហោះដ៏ធំមួយរបស់ប្រទេសនេះ។ AS700 ត្រូវបានរំពឹងថា នឹងអាចឆ្លើយតបទៅនឹងតម្រូវការទេសចរណ៍នៅលើអាកាស បេសកកម្មសង្គ្រោះបន្ទាន់ ក៏ដូចជាការផ្ដល់សេវាកម្មនានានៅក្នុងទីក្រុង។
យានបាឡុងហោះថ្មីនេះអាចផ្ទុកទម្ងន់បាន 4,150 គីឡូក្រាម និងអាចហោះបានចម្ងាយ 700 គីឡូម៉ែត្រ ក៏ដូចជាហោះហើរបាន 10 ម៉ោង។ AS700 អាចដឹកមនុស្សបាន 10 នាក់ បូករួមទាំងអ្នកបើកបរម្នាក់។ យានជំនិះនេះ អាចហោះក្នុងល្បឿនរហូតដល់ 100 គីឡូម៉ែត្រក្នុងមួយម៉ោង។
ជើងហោះហើរកាលពីថ្ងៃទី 30 មីនា បានជួយបញ្ជាក់អំពីប្រសិទ្ធភាពរបស់ AS700។ ជើងហោះហើរនេះក៏បានជួយត្រួតពិនិត្យអំពីលទ្ធភាពគាំទ្ររបស់ក្រុមបច្ចេកទេសផងដែរ។
លោក Li Hong ដែលជាអ្នកបើកបរនៅក្នុងជើងហោះហើរកាលពីថ្ងៃទី 30 មីនា និយាយថា AS700 អាចហោះឡើង និងចុះចតបញ្ឈរត្រង់នៅទីតាំងចង្អៀត ដែលនេះក៏ជួយកាត់បន្ថយការចំណាយបានច្រើនទៅលើដំណើរការ ព្រោះតែដីធ្លីបច្ចុប្បន្នមានតម្លៃខ្ពស់ខ្លាំង។
យានជំនិះ AS700 បានទទួលវិញ្ញាបនបត្រពីនាយកដ្ឋានអាកាសចរណ៍ស៊ីវិលចិន (CAAC) កាលពីខែធ្នូ ឆ្នាំ 2023 ហើយក៏បានក្លាយជាយន្តហោះទម្រង់បាឡុងដំបូងដែលអភិវឌ្ឍ និងទទួលស្គាល់ដោយ «ឯករាជ្យ»។
លោក Du Wei ប្រធានគម្រោង AS700 បានឱ្យដឹងថា ពួកគេទទួលបានការបញ្ជាទិញប្រហែល 20 គ្រឿងរួចទៅហើយ ក្នុងនោះ មួយគ្រឿងដំបូងគ្រោងនឹងត្រូវបានប្រគល់ឱ្យអតិថិជននៅចុងឆ្នាំនេះ។
លោក Du និយាយថា ក្រុមរបស់លោកកំពុងឆ្ពោះទៅរកគោលដៅដែលផ្ដោតសំខាន់ទៅលើសេវាគយគន់ទេសភាពពីអាកាស ហើយសង្ឃឹមថា នឹងពង្រីកទៅកាន់វិស័យដទៃ ដូចជាបេសកកម្មសង្គ្រោះបន្ទាន់ និងសេវាសាធារណៈនៅក្នុងទីក្រុងជាដើម៕