រោងចក្រប្រតិកម្មនុយក្លេអែរ ឬហៅថា ម៉ាស៊ីនរ៉េអាក់ទ័រ នៅទីក្រុងដាឡាត ដំណើរការជាមួយអានុភាព 500 kWt ចាប់ពីឆ្នាំ 1984 និងប្រើប្រាស់សម្រាប់ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ការផលិតថ្នាំវិទ្យុសកម្មសម្រាប់វិស័យសុខាភិបាល ឧស្សហកម្ម និងបណ្ដុះបណ្ដាលធនធានមនុស្ស។
ព័ត៌មាននេះត្រូវបានលើកឡើងកាលពីថ្ងៃទី 23 មីនា 2024 ដោយរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម នៅក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ 40 ឆ្នាំនៃថ្ងៃសម្ពោធរោងចក្ររ៉េអាក់ទ័រដាឡាត បន្ទាប់ពីបានបានស្ដារ និងពង្រីក។
យោងតាមរដ្ឋមន្ត្រីខាងលើ ក្នុង 40 ឆ្នាំកន្លង រោងចក្រប្រតិកម្មនុយក្លេអែរដាឡាត បានដំណើរការដោយសុវត្ថិភាព។ វិទ្យាស្ថានស្រាវជ្រាវនុយក្លេអែរដាឡាត បានស្រាវជ្រាវ និងអភិវឌ្ឍជោគជ័យនូវបច្ចេកវិទ្យាផលិតថ្នាំបន្សាបវិទ្យុសកម្ម និងព្យាបាលជំងឺជាច្រើនផងដែរ។
រោងចក្ររ៉េអាក់ទ័រ TRIGA Mark-2 អានុភាព 250 kWt ត្រូវបានអាម៉េរិកសាងសង់នៅទីក្រុងដាឡាត នៃខេត្តឡឹមដុង ប្រទេសវៀតណាម កាលពីឆ្នាំ 1963។ នៅមុនថ្ងៃទី 30 មេសា 1975 បន្ទះឥន្ធនៈទាំងអស់របស់រោងចក្រនេះត្រូវបានដោះ និងដឹកត្រឡប់ទៅកាន់សហរដ្ឋអាម៉េរិក ធ្វើឱ្យរោងចក្រមិនអាចដំណើរការ។
ក្រោយមក ចាប់ពីឆ្នាំ 1982 សូវៀត (បច្ចុប្បន្នជា រុស្ស៊ី) បានជួយស្ដារ និងពង្រីករោងចក្ររ៉េអាក់ទ័រដាឡាតនេះ។ មកដល់ឆ្នាំ 1984 រោងចក្ររ៉េអាក់ទ័រដែលត្រូវបានប្ដូរឈ្មោះទៅជារោងចក្រប្រតិកម្មនុយក្លេអែរដាឡាតនេះ ត្រូវបានដាក់ឱ្យដំណើរការជាមួយអានុភាព 500 kWt ខ្ពស់ជាងទ្វេដង បើធៀបនឹងអានុភាពមុននោះរបស់ TRIGA។