សហព័ន្ធតារាសាស្ត្រអន្តរជាតិ (IAU) ទើបតែបានទទួលស្គាល់ «ពលរដ្ឋ» ថ្មីចំនួន 3 ទៀត របស់ប្រព័ន្ធព្រះអាទិត្យ ដែលរួមមាន ព្រះចន្ទពីរដួងរបស់ភពណិបទូន និងព្រះចន្ទមួយដួងរបស់ភពអ៊ុយរ៉ានុស។
ព្រះចន្ទថ្មីចំនួនបីដួងនេះ នឹងត្រូវបានដាក់ឈ្មោះទៅតាមតួអង្គក្នុងទេវកថាក្រិក និងល្ខោន Shakespeare។
ព្រះចន្ទវិលជុំវិញភពអ៊ុយរ៉ានុសដែលមានស្លាកលេខ S/2023 U1 គឺជាព្រះចន្ទទី 28 ដែលត្រូវបានរកឃើញរបស់ភពនេះ។ ព្រះចន្ទដែលមានអង្កត់ផ្ចិតប្រហែលតែ 8 គីឡូម៉ែត្រនេះ គឺជាមួយក្នុងចំណោមព្រះចន្ទតូចបំផុតរបស់ប្រព័ន្ធព្រះអាទិត្យ។ S/2023 U1 ត្រូវការពេលវេលាប្រហែល 680 ថ្ងៃ ដើម្បីគោចរបានមួយជុំភពអ៊ុយរ៉ានុស។
ជាធម្មតា ព្រះចន្ទរបស់ភពអ៊ុយរ៉ានុស នឹងត្រូវបានដាក់ឈ្មោះផ្លូវការទៅតាមតួអង្គណាមួយនៅក្នុងល្ខោន Shakespeare ដូចទៅនឹង Titania, Oberon និង Puck ដែលជាបងប្អូនរបស់វា។
ព្រះចន្ទថ្មីរបស់ភពណិបទូនដែលមានស្លាកលេខ S/2022 N5 និង S/2021 N1 ដែលមានអង្កត់ផ្ចិត 23 និង 14 គីឡូម៉ែត្រ ចំណាយពេល 9 ឆ្នាំ និងជិត 27 ឆ្នាំ ដើម្បីគោចរបានមួយជុំភពមេដ៏ធំរបស់ពួកវា។
ព្រះចន្ទទាំងពីរដួងខាងលើនេះ នឹងត្រូវបានដាក់ឈ្មោះទៅតាមឈ្មោះបុត្រីរបស់ព្រះម៉ែនាគី Nereus នៅក្នុងទេវកថាក្រិក។ មុននោះ អ្នកវិទ្យាសាស្ត្របានរកឃើញព្រះចន្ទចំនួន 16 របស់ភពណិបទូន។
កន្លងមក កាលពីដើមឆ្នាំ 2023 IAU ក៏ធ្លាប់បានបង្កើនតួលេខព្រះចន្ទរបស់ភពព្រហស្បតិ៍ឡើងដល់ 92 ដួង ក្រោយពីបានរកឃើញព្រះចន្ទថ្មីចំនួន 12 ដួងទៀតរបស់ភពនេះ។ ច្រើនខែបន្ទាប់មក ភពសៅរ៍ក៏បន្តមានព្រះចន្ទថ្មីចំនួន 62 ដួង ធ្វើឱ្យភពនេះក្លាយជាភពដែលមានព្រះចន្ទច្រើនជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យ ដោយមានព្រះចន្ទសរុប 145 ដួង៕