អ្នកវិទ្យាសាស្ត្រជឿថា អាចរកឃើញបច្ចេកវិទ្យាពីភពផែនដី នៅក្នុងប្រព័ន្ធផ្កាយ HD 110067 ជាទីដែលមានភពរហូតដល់ 6 កំពុងវិលជុំវិញគ្នាយ៉ាងល្អឥតខ្ចោះ។
ត្រូវបានរកឃើញកាលពីឆ្នាំ 2023 ប្រព័ន្ធ HD 110067 ដែលមានផ្កាយក្រិនពណ៌ទឹកក្រូចនៅចំកណ្ដាល ហើយនៅជុំវិញគឺជាភពចំនួន 6 ដែលមានគន្លងគោចរប្រទាក់ក្រឡាគ្នាយ៉ាងល្អឥតខ្ចោះ ដែលហៅថា orbital resonance ត្រូវបានអ្នកវិទ្យាសាស្ត្រយល់ថា អាចមានវត្តមាននៃភាវៈរស់។
ភពមួយដែលស្ថិតនៅក្បែរផ្កាយមេរបស់វាបំផុត បញ្ចប់ការវិលមួយជុំ (មួយឆ្នាំ) ក្នុងរយៈពេល 9.1 ថ្ងៃរបស់ផែនដី ខណៈបណ្ដាភពជាបន្តបន្ទាប់មានគន្លងគោចរដែលមានរយៈពេល 13.6 ថ្ងៃ, 20.5 ថ្ងៃ, 30.8 ថ្ងៃ, 41 ថ្ងៃ និង 54.7 ថ្ងៃ។ ដូច្នេះ សមាមាត្រនៃឥទ្ធិពលរវាងភពដែលនៅក្បែរគ្នាក្នុងប្រព័ន្ធផ្កាយនេះគឺ 3:2, 3:2, 3:2, 4:3 និង 4:3 ។
យោងតាមលទ្ធផលនៃការស្រាវជ្រាវដែលទើបត្រូវបានប្រកាសលើទស្សនាវដ្ដីវិទ្យាសាស្ត្រ Research Notes of the AAS ភាពប្រទាក់ក្រឡាគ្នាល្អឥតខ្ចោះនេះ ជួយឱ្យភពទាំង 6 ដែលមានទំហំជិតស្មើនឹងភពណិបទូន (Neptune) មានបរិស្ថាននឹងនរអស់រាប់ពាន់លានឆ្នាំមកហើយ។
ភពខ្លះនៅក្នុងប្រព័ន្ធផ្កាយ HD 110067 ថែមទាំងមានសញ្ញាណរបស់ទឹកនៅលើផ្ទៃរបស់ពួកវាទៀតផង។ ពួកវាក៏ស្ថិតក្នុងស្ថានភាពនឹងនរ មិនច្របូកប្របល់យ៉ាងតិចមួយពាន់លានឆ្នាំកន្លង បន្ទាប់ពីកកើតរូបរាងល្អឥតខ្ចោះ និងវិលជុំវិញផ្កាយមេដែលមានអាយុបួនពាន់លានឆ្នាំ។
អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថានស្វែងរកជីវិតឆ្លាតវៃក្រៅភពផែនដី (SETI) របស់សហរដ្ឋអាម៉េរិក គណនាឃើញថា ភាពនឹងនរ និងពេលវេលានោះ គឺគ្រប់គ្រាន់ដែលអាចនាំមកនូវឱកាសល្អសម្រាប់ការកកើតជីវិត ការវិវត្ត និងការរីកចម្រើន។ ជាងនេះ ភាវៈរស់នោះទំនងជាបានវិវឌ្ឍដល់កម្រិតមួយដែលក្លាយជាអរិយធម៌ធំៗ ជាជីវិតដែលមានបច្ចេកវិទ្យាដែលអាចត្រូវបានរកឃើញពីចម្ងាយ។
ទំព័រ Science Alert បានផ្សាយថា ក្រុម SETI ក៏បានព្យាយាមស្វែងរករលកសញ្ញាពីបច្ចេកវិទ្យារបស់មនុស្សពិភពផ្កាយដែលស្ថិតក្នុងប្រព័ន្ធ HD 110067 តាមរយៈស្ថានីយតារាសាស្ត្រ Green Bank នៅសហរដ្ឋអាម៉េរិក ប៉ុន្តែមិនទាន់ចាប់បានប្រការដែលកំពុងទន្ទឹងរង់ចាំ។