យោងតាមអង្គការអវកាសអាម៉េរិក (ណាសា) ឆ្នាំ 2024 គឺជាការចាប់ផ្ដើមរបស់ភពក្នុងក្ដីស្រមៃមួយ ដែលត្រូវបានណាសាសម្ងំដាក់ផែនការតាំងពីច្រើនឆ្នាំមុន នោះគឺ «គម្រោងទៅកាន់ Europa»។
ក្នុងប្រព័ន្ធព្រះអាទិត្យ Europa គឺជាភពរណបធំទី 6 និងជាភពរណបតូចបំផុតក្នុងក្រុមព្រះចន្ទ Galilean របស់ភពព្រហស្បតិ៍ (Jupiter)។ ក្រុមនេះ ក្រៅពី Europa ក៏នៅមាន Ganymede, Calisto និង Io ផងដែរ។ ព្រះចន្ទទាំងបួនដួងនេះត្រូវបានអ្នកវិទ្យាសាស្ត្រ Galileo Galilei សង្កេតឃើញជាលើកដំបូងកាលពីចុងឆ្នាំ 1609 ឬដើមឆ្នាំ 1610។
ក្នុងសម័យបច្ចុប្បន្ន ព្រះចន្ទទាំងនេះត្រូវបានណាសាចាត់ទុកថាជា «ព្រះចន្ទរស់» ព្រោះព្រះចន្ទនីមួយៗសុទ្ធតែមានផ្ទុកវត្ថុធាតុមួយចំនួនដែលសមស្របនឹងជីវិត។ ប៉ុន្តែ Europa ត្រូវបានគេឱ្យតម្លៃខ្ពស់ជាងគេ។
ដូច្នេះហើយ ណាសាមានផែនការបាញ់បញ្ជូនយានអវកាស Europa Clipper ឬហៅថា Clipper ទៅកាន់ព្រះចន្ទ Europa របស់ភពព្រហស្បតិ៍ នៅខែតុលា ឆ្នាំ 2024។
យាននេះគ្រោងនឹងហោះហើរជុំវិញ Europa ក្នុងរយៈចម្ងាយជិតដើម្បីប្រមូលទិន្នន័យស្ដីពីបរិយាកាស ផ្ទៃ និងមហាសមុទ្រជាដើម របស់វា សម្រាប់បម្រើដល់គោលដៅរុករកភាវៈរស់នៅទីនោះ៕