សាធារណរដ្ឋដូមីនីក (Dominica) សាកល្បងធ្វើការបួនថ្ងៃក្នុងមួយសប្ដាហ៍ ប៉ុន្តែ កម្មករ និយោជិតនៅតែទទួលបានប្រាក់ខែដូចមុន។
រដ្ឋាភិបាលនៃសាធារណរដ្ឋដូមីនីក ប្រកាសថា គំនិតផ្ដួចផ្ដើមស្ដីពីការធ្វើការបួនថ្ងៃក្នុងមួយសប្ដាហ៍ នឹងចាប់ផ្ដើមអនុវត្តពីខែកុម្ភៈ 2024។ ក្នុងនោះ បណ្ដាក្រុមហ៊ុនអាចស្ម័គ្រចិត្តសាកល្បងប្រើប្រាស់កាលវិភាគធ្វើការនេះក្នុងរង្វង់ 6 ខែ។
កម្មករ និយោជិតនៅសាធារណរដ្ឋដូមីនីក នឹងបានធ្វើការតែ 36 ម៉ោងក្នុងមួយសប្ដាហ៍ ជំនួសឱ្យ 44 ម៉ោង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃព្រហស្បតិ៍ និងនៅតែទទួលបានប្រាក់បៀវត្សរ៍ដូចដើម។
«គំនិតផ្ដួចផ្ដើមនេះផ្ដល់អាទិភាពដល់មនុស្សជាតិ កែលម្អសុខភាព និងសុខុមាលភាព ព្រមទាំងជំរុញផលិតភាពការងារឱ្យមាននិរន្តរភាព និងសមស្របនឹងបរិស្ថាន» រដ្ឋមន្ត្រីក្រសួងការងាររបស់សាធារណរដ្ឋដូមីនីក លោក Luis Miguel de Camps បញ្ជាក់ដូច្នេះ។
សារព័ត៌មាននានាបានឱ្យដឹងថា បណ្ដាក្រុមហ៊ុនដែលគ្រោងនឹងចាប់ផ្ដើមសាកល្បងធ្វើការបួនថ្ងៃក្នុងមួយសប្ដាហ៍ រួមមាន ក្រុមហ៊ុនទូរគមនាគមន៍ អគ្គិសនី ក្រុមហ៊ុនធានារ៉ាប់រងជាតិផ្នែកសុខាភិបាល និងក្រុមហ៊ុនទាំងឡាយដែលប្រើប្រាស់គ្រឿងចក្រធុនធ្ងន់។
សាកលវិទ្យាល័យមួយរបស់ប្រទេសនេះ ត្រូវបានប្រគល់ភារកិច្ចវាយតម្លៃលទ្ធផលនៃការសាកល្បងនេះ។ ក្នុងនោះ ពួកគេនឹងផ្ដោតសំខាន់ទៅលើការតាមដានសុខភាព ក៏ដូចជាទំនាក់ទំនងរវាងការងារ និងជីវភាពរស់នៅរបស់កម្មករ និយោជិត៕