រ៉ុក្កែត​ពាណិជ្ជកម្ម​កម្លាំង​ខ្លាំង​បំផុត​របស់​ចិន បាញ់​បង្ហោះ​បាន​ជោគ​ជ័យ

ប្រទេស​ចិន កាល​ពី​ថ្ងៃទី 11 មករា 2024 បាន​បាញ់បង្ហោះ​រ៉ុក្កែត​ឥន្ធនៈ​រឹង Gravity-1 ដែល​មាន​កម្លាំង​រុញ​ច្រាន 600 តោន​ ចេញ​ពី​តំបន់​សមុទ្រ​របស់​ខេត្ត​សាន​ទុង (Shandong) ដោយ​ជោគជ័យ។

ក្នុង​ជើង​ហោះ​ហើរ​ដំបូង​ រ៉ុក្កែត Gravity-1 ដែល​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​អវកាស​ពាណិជ្ជកម្ម​ចិន Orienspace បាន​នាំ​យក​ផ្កាយ​រណប​ឧតុនិយម​ Yunyao-1 ចំនួន​ 3 គ្រឿង​ ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ដោយ​ជោគជ័យ​។ ការ​សម្រេច​បាន​នេះ​បាន​ជួយ​ឱ្យ​ Gravity-1 ក្លាយ​ជា​រ៉ុក្កែត​ពាណិជ្ជកម្ម​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត​របស់​ប្រទេស​ចិន​ និង​ជា​រ៉ុក្កែត​ដែល​ប្រើ​ប្រាស់​ឥន្ធនៈ​រឹង​ដែល​មាន​កម្លាំង​ខ្លាំង​បំផុតដែល​ធ្លាប់​បាន​ទទួលជោគ​ជ័យ​ក្នុង​បេសកកម្ម​អវកាស​។

រ៉ុក្កែត​នេះ​មាន​កម្ពស់​ប្រហែល 30 ម៉ែត្រ ខណៈ​ដែល​​ទម្ងន់គឺ​​ប្រហែល​ 400 តោន​ និង​មាន​សមត្ថភាព​រុញ​ច្រាន​ 600​ តោន​។ វា​អាច​នាំ​យក​បន្ទុក​ប្រហែល 6,500 គីឡូក្រាម​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ផែនដី​កម្រិត​ទាប (LEO) ឬ​ 4,200 គីឡូក្រាម​​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​​សមកាលកម្ម​ព្រះ​អាទិត្យ (Sun Synchronous Orbit – SSO) ដែល​មាន​កម្ពស់​ពី​ផែនដី​ប្រហែល​ 500 គីឡូម៉ែត្រ​។

ប្រភេទ​គន្លង​តារាវិថី​ជុំវិញផែនដី

Gravity-1 អាច​នាំ​យក​ផ្កាយ​រណប​ 30 គ្រឿង​ ដែល​ក្នុង​មួយ​គ្រឿង​ៗ​មាន​ទម្ងន់​ 100 គីឡូក្រាម​ ឡើង​ទៅ​កាន់​គន្លង​តារាវិថី​កម្រិត​ទាប​ និង​មធ្យ​ម។

យោង​តាម Orienspace រ៉ុក្កែត​នេះ​មាន​បី​ជាន់​សំខាន់ៗ​ និង​​ប្រព័ន្ធ​រុញ​ច្រាន​ចំនួន​បួន​ ដែល​ទាំង​អស់​សុទ្ធ​តែ​ទទួល​បាន​ថាមពល​ពី​ម៉ូទ័រ​ឥន្ធនៈ​រឹង។ ក្រុម​ហ៊ុន​ផលិត​និយាយ​ថា ម៉ូទ័រ​របស់​ជាន់​ទីបី​អាច​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​ដោយ​ម៉ាស៊ីន​ម៉ាស៊ូត​ kerosene និង​អុកស៊ីសែន​ ដើម្បី​បង្កើន​កម្លាំង​ដឹក​ជញ្ជូន​៕