ភូគព្ភវិទូ Eugene Shoemaker ធ្វើការឱ្យណាសា បានក្លាយជាមនុស្សដំបូងគេដែលត្រូវបានបញ្ចុះធាតុនៅលើផ្ទៃរបស់ឋានព្រះចន្ទកាលពីឆ្នាំ 1998។
ថ្មីៗនេះ ក្រុមហ៊ុន Celestis ដែលផ្ដល់សេវាកម្មបញ្ចុះធាតុក្នុងទីអវកាស បានទទួលធាតុរបស់បុគ្គលល្បីឈ្មោះជាច្រើនរូប ដាក់លើយានចុះចត Peregrine របស់ Astrobotic ហោះឡើងទៅកាន់ឋានព្រះចន្ទ។ ក៏ប៉ុន្តែ នេះមិនមែនជាបេសកកម្មពាណិជ្ជកម្មដំបូងគេដែលនាំយកធាតុមនុស្សឡើងទៅបញ្ចុះលើផ្ទៃព្រះចន្ទនោះទេ។ មុននោះ ធាតុទម្ងន់ 28 ក្រាមរបស់អ្នកវិទ្យាសាស្ត្រ Shoemaker ត្រូវបានក្រុមហ៊ុន Celestis ដាក់លើយាន Lunar Prospector របស់ណាសា និងត្រូវបាននាំយកទៅបញ្ចុះលើឋានព្រះចន្ទកាលពីថ្ងៃទី 06 មករា 1998។
លោក Shoemaker គឺជាភូគព្ភវិទូភពដ៏ល្បីល្បាញ។ ជំនាញរបស់លោករួមមាន ការជ្រើសរើស និងបង្ហាត់បង្រៀនអ្នកអវកាស Apollo អំពីភូគព្ភសាស្ត្រ និងរណ្ដៅលើឋានព្រះចន្ទ រួមនឹងការដឹកនាំក្រុមស្រាវជ្រាវស្វែងរកទឹកលើឋានព្រះចន្ទ។ល។
ក្រោយពីបេសកកម្ម Apollo លោក Shoemaker ក៏បន្តធ្វើការក្នុងបេសកកម្ម Voyager ក៏ដូចជា Clementine របស់ណាសា ដើម្បីស្វែងរកទឹកលើឋានព្រះចន្ទ។ លោកបានក្លាយជាប្រធានដំបូងនៃកម្មវិធីស្រាវជ្រាវភូគព្ភសាស្ត្រអវកាសរបស់នាយកដ្ឋានស្រាវជ្រាវភគព្ភសាស្ត្រអាម៉េរិក (USGS)។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏តែងតែចង់ក្លាយជាអ្នកអវកាស ប៉ុន្តែមិនអាចធ្វើបាន ដោយសារតែមានជំងឺប្រចាំកាយ។
ដើម្បីជាការតបស្នងសងគុណដល់លោក Shoemaker ទីភ្នាក់ងារអវកាសអាម៉េរិក ក៏បានសម្រេចចិត្តបញ្ចុះធាតុរបស់លោក នៅលើផ្ទៃរបស់ឋានព្រះចន្ទ។
ជើងហោះហើរទីពីររបស់ក្រុមហ៊ុន Celestis ដែលមានឈ្មោះថា Tranquility កំពុងតែត្រូវបានធ្វើឡើង នៅពេលយាន Peregrine ដឹកធាតុ និង DNA របស់បុគ្គលល្បីឈ្មោះចំនួន 66 រូប ក្នុងនោះក៏មានអតីតប្រធានាធិបតីអាម៉េរិកជាច្រើនរូប ឡើងទៅបញ្ចុះលើឋានព្រះចន្ទ៕