បណ្ដាប្រទេសនៅអឺរ៉ុបខាងជើង កំពុងស្ថិតក្នុងអាកាសធាតុត្រជាក់ជាងរដូវរងាមុនៗ ដោយសីតុណ្ហភាពធ្លាក់ចុះរហូតដល់រាប់សិបអង្សាសេក្រោមសូន្យ ធ្វើឱ្យព្រឹលធ្លាក់យ៉ាងក្រាស់ ប៉ះពាល់ដល់ចរាចរណ៍ និងការរស់នៅ។
ប្រទេសស៊ុយអែត កាលពីថ្ងៃទី 03 មករា 2024 បានឆ្លងកាត់រាត្រីត្រជាក់បំផុតរាប់ចាប់តាំងពីឆ្នាំ 1999 ស្របពេលស្ថានីយឧតុនិយមនៅតំបន់ខាងជើងរបស់ប្រទេស វាស់ឃើញ -43.6 អង្សាសេ។
«នេះក៏ជាកម្រិតទាបបំផុតដែលកើតមាននៅក្នុងទីតាំងជាក់ស្ដែងនេះ រាប់ពីពេលចាប់ផ្ដើមវាស់ស្ទង់កាលពីឆ្នាំ 1888» អ្នកជំនាញផ្នែកឧតុនិយមរបស់ប្រទេសស៊ុយអែត (SMHI) ឱ្យដឹងដូច្នេះ។ ស្ថានីយឧតុនិយមដទៃទៀតនៅតំបន់ភាគខាងជើងប្រទេសនេះក៏វាស់ឃើញ -40 អង្សាសេ។
អាកាសធាតុត្រជាក់ខ្លាំងបែបនេះធ្វើឱ្យដំណើរការរបស់រថភ្លើងអគ្គិសនីមានការរអាក់រអួល ខណៈរថយន្តក្រុងក្នុងតំបន់ក៏ត្រូវផ្អាកដំណើរការច្រើនថ្ងៃ។
កាលពីថ្ងៃទី 03-04 មករា 2024 រថយន្តរាប់រយគ្រឿងបានជាប់គាំងនៅតាមបណ្ដោយផ្លូវល្បឿនលឿន នៅភាគខាងត្បូងប្រទេសស៊ុយអែត និងដាណឺម៉ាក ដោយសារតែព្រឹល។ កងទ័ពស៊ុយអែតត្រូវបានបញ្ជូនទៅជួយដល់ពលរដ្ឋនៅតាមទីរួមស្រុកនានាដែលស្ថិតក្នុងតំបន់ភាគខាងត្បូងប្រទេស។
រថភ្លើងជាច្រើនខ្សែក៏ត្រូវអាក់ខានដំណើរការនៅហ្វាំងឡង់ ដែលជាប្រទេសជិតខាងរបស់ស៊ុយអែត។ វេលាទៀបភ្លឺនៃថ្ងៃទី 05 មករា សីតុណ្ហភាពនៅតំបន់ពាយព្យ Enontekio គឺ -42.1 អង្សាសេ ដែលជាកម្រិតទាបបំផុតនៅក្នុងរដូវរងានេះ។ អាជ្ញាធរហ្វាំងឡង់ឱ្យដឹងថា ប្រទេសនេះមានអាកាសធាតុ -42 អង្សាសេតែបីដងគត់នៅក្នុងសតវត្សរ៍នេះ។