ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសញ្ញានៃម៉ូលេគុលសរីរាង្គនៅក្នុងសំណាកដីដែលបានយកពីអាចម៍ផ្កាយ Bennu ជាអាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី។
ក្នុងនាមជាអ្នកបំពេញបេសកកម្មស្វែងរកតម្រុយនៃប្រភពរបស់ភាវៈរស់នៅលើផែនដី យានអវកាស OSIRIS-Rex របស់ណាសា បានប្រមូលយកបំបែកនានារបស់អាចម៍ផ្កាយ Bennu កាលពីចុងឆ្នាំ 2020 ហើយបាននាំយកវាមកកាន់ផែនដីកាលពីពីរខែមុន។ ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញប្រការដ៏គួរឱ្យចាប់អារម្មណ៍របស់សំណាកដីទាំងនេះ។
Lauretta សាស្ត្រាចារ្យវិទ្យាសាស្ត្រភព និងគីមីអវកាស នៅសាកលវិទ្យាល័យ Arizona សហរដ្ឋអាម៉េរិក បានឱ្យដឹងថា បំបែកនានារបស់អាចម៍ផ្កាយដែលមានអាយុកាល 3 ពាន់លានឆ្នាំនេះ សម្បូរកាបូន និងសារធាតុសរីរាង្គ។ ទាំងអស់សុទ្ធតែមានសម្បុរងងឹត។
យានអវកាស OSIRIS-Rex ត្រូវបានផលិតឡើងដើម្បីហោះទៅជាន់អាចម៍ផ្កាយ Bennu ក្នុងរយៈពេល 6 វិនាទី ប៉ុន្តែ ចុងក្រោយ វាបានជ្រុលទៅបុកផ្ទៃរបស់អាចម៍ផ្កាយនេះក្នុងជម្រៅ 0.5 ម៉ែត្រ ក្នុងរយៈពេល 17 វិនាទី។ យាននេះជីកបានវត្ថុធាតុជាច្រើន មុននឹងហោះមកកាន់ផែនដី ដើម្បីឱ្យអ្នកជំនាញធ្វើការពិសោធ។
Lauretta ឱ្យដឹងថា ដីដែលបានយកពីអាចម៍ផ្កាយ Bennu ប្រហែលជាមានផ្ទុកធាតុទឹកច្រើនជាងការសន្និដ្ឋានដំបូងរបស់អ្នកវិទ្យាសាស្ត្រ៕