អាជ្ញាធរចិន បានបង្ហាញរូបភាពដំបូងស្ដីពីរចនាសម្ព័ន្ធពេញលេញរបស់ស្ថានីយអវកាសចិន ធានកុង (Tiangong) ដែលមានម៉ូឌុលចំនួនបី ប្រព័ន្ធសូឡា ដៃយន្ត និងអ្វីៗជាច្រើនទៀត។
រូបភាពដំបូងស្ដីពីរចនាសម្ព័ន្ធរបស់ ធានកុង នេះ ត្រូវបានថតដោយអ្នកអវកាសនៅលើយាន Shenzhou 16 ដែលស្ថិតនៅពីខាងលើ មុនពេលត្រលប់មកកាន់ផែនដីកាលពីខែកន្លង។ ក្នុងរូបថតនេះគឺជាស្ថានីយអវកាសធានកុង មានរាងជាអក្សរ T ទម្ងន់ 90 តោន ដែលមានប្រព័ន្ធថ្មសូឡា ដៃយន្ត រួមនឹងអ្វីៗជាច្រើនទៀត និងមានផែនដីជាទិដ្ឋភាពខាងក្រោយ។ នេះបើតាមសារព័ត៌មាន Space។
រូបថតថ្មីបំផុតស្ដីពីស្ថានីយអវកាសធានកុង ដែលជាគម្រោងត្រូវបានចាប់ផ្ដើមអនុវត្តកាលពីឆ្នាំ 1992 និងសម្រេចជោគជ័យកាលពីឆ្នាំ 2022 ត្រូវបានប្រកាសកាលពីថ្ងៃទី 28 វិច្ឆិកា 2023 នៅទីក្រុងហុងកុង ដោយតំណាងម្នាក់មកពីទីភ្នាក់ងារអវកាសមានមនុស្សបើកបរចិន (CMSA)។
CMSA ឱ្យដឹងថា អ្នកអវកាសចិនកម្រនឹងមានឱកាសបានថតយករូបភាពពេញលេញរបស់ ធានកុង តាមបង្អួច រាប់ចាប់តាំងពីពេលដំឡើងស្ថានីយនេះកាលពីឆ្នាំ 2021។ ក៏ប៉ុន្តែ កាលពីថ្ងៃទី 30 តុលា 2023 ក្រោយពីបានផ្ដាច់ខ្លួនពីស្ថានីយធានកុង យានអវកាស Shenzhou 16 បានធ្វើការហោះហើរជាពិសេស អនុញ្ញាតឱ្យអ្នកអវកាសផ្ដិតយកទិដ្ឋភាពធានកុង ពីរយៈចម្ងាយត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ។ រូបភាពនេះត្រូវបានបញ្ចេញដោយលោក Gui Haichao អ្នកស្រាវជ្រាវ និងជាអ្នកអវកាសស៊ីវិលចិនដំបូងដែលបានហោះទៅកាន់ទីអវកាស។
ស្ថានីយអវកាសចិនធានកុង មានទម្ងន់ស្មើនឹង 20% នៃទម្ងន់របស់ ISS ដែលជាស្ថានីយអវកាសអន្តរជាតិ ធ្វើសកម្មភាពនៅលើគន្លងតារាវិថីខ្ពស់ជាងបន្តិច បើធៀបនឹង ធានកុង។ អាជ្ញាធរចិនកំពុងរៀបចំផែនការពង្រីកស្ថានីយធានកុង ដែលបច្ចុប្បន្នមានបីម៉ូឌុល ឱ្យទៅជា 6 ម៉ូឌុលនៅពេលដ៏ខ្លីខាងមុខ៕