ប៉ូលិសថៃ បានប្រកាសឱ្យត្រួតពិនិត្យម៉ត់ចត់ចំពោះទេសចរចិនទាំងឡាយណាដែលមានមុខមាត់ខុសប្រក្រតី និងរាងកាយមានសភាពប្រែប្រួល ដោយសង្ស័យថា ពួកគេមកដើម្បីប្រកបរបរសុំទាន។
យោងតាមទំព័រ Bangkok Post កាលពីថ្ងៃទី 22 វិច្ឆិកា 2023 អាជ្ញាធរថៃ បានឱ្យដឹងថា ចាប់ពីថ្ងៃទី 10 ដល់ 20 វិច្ឆិកា សមត្ថកិច្ចបានចាប់ខ្លួនអ្នកសុំទានចំនួន 6 នាក់ ដែលជាពលរដ្ឋចិន។ អ្នកសុំទានទាំងនេះសុទ្ធតែមានមុខមាត់ខុសធម្មតា។
ក្រោយពីត្រូវបានចាប់ខ្លួន បីនាក់ក្នុងចំណោមនេះត្រូវបានពិន័យពី 100 ដល់ 500 បាត។ ក្រៅពីនេះ អាជ្ញាធរថៃ ក៏បានដាក់ពលរដ្ឋចិន 6 នាក់នេះចូលក្នុងបញ្ជីខ្មៅ ដោយហាមមិនឱ្យចូលទឹកដីថៃក្នុងរយៈពេល 10 ឆ្នាំ។
ប៉ូលិសនិយាយថា អ្នកសុំទានខ្លះជួលអ្នកបកប្រែថៃរួមគ្នា។ ពីរនាក់ក្នុងចំណោមអ្នកសុំទានចិន 6 នាក់ ស្នាក់នៅជាមួយគ្នាក្នុងបន្ទប់សណ្ឋាគារមួយក្នុងខណ្ឌ Wang Thonglang នៅទីក្រុងបាងកក ខណៈ 4 នាក់ផ្សេងទៀត ស្នាក់នៅក្នុងសណ្ឋាគារផ្សេងៗក្នុងរាជធានី។
ប៉ូលិសថៃ សង្ស័យថា អ្នកសុំទានជនជាតិចិនទាំង 6 នាក់នេះ គឺជាសមាជិករបស់ក្រុមមួយដែលគ្រប់គ្រងដោយជនជាតិថៃ។ ពួកគេសុំទាននៅទីប្រជុំជន និងតំបន់ទេសចរណ៍។ ពួកគេម្នាក់ៗរកបានប្រាក់ប្រហែល 10,000 បាត (ប្រមាណជាង 1,000,000 រៀល) ក្នុងមួយថ្ងៃ។
យោងតាមក្រសួងអភិវឌ្ឍសង្គម និងសន្តិសុខមនុស្សជាតិថៃ បច្ចុប្បន្នប្រទេសនេះមានអ្នកសុំទានជាង 7,000 នាក់ ក្នុងនោះមានជិត 4,700 នាក់ជាជនជាតិថៃ និងជិត 2,500 នាក់ជាជនបរទេស ក្នុងនោះភាគច្រើនជាពលរដ្ឋកម្ពុជា និងមីយ៉ាន់ម៉ា។ ពួកគេគឺជាសមាជិករបស់បណ្ដាក្រុមដែលមានអង្គការចាត់តាំង៕