ណាសាបានរកឃើញភពថ្មមួយដែលមានឈ្មោះថា LTT 1445 Ac កំពុងគោចរជុំវិញកូនផ្កាយក្រហមមួយដួង។
ភព LTT 1445 Ac ដែលត្រូវបានរកឃើញដំបូងដោយតេឡេស្កុប TESS របស់ណាសា ស្ថិតនៅក្នុងប្រព័ន្ធផ្កាយបីដ៏ចម្លែកមួយ និងមានចម្ងាយពីផែនដីប្រហែល 22 ឆ្នាំពន្លឺ ដែលមួយឆ្នាំពន្លឺមានចម្ងាយ 9.46 លានលាន/ទ្រីលាន (9,460,000,000,000) គីឡូម៉ែត្រ។
LTT 1445 Ac គោចរជុំវិញកូនផ្កាយក្រហមមួយដួងដែលមានឈ្មោះថា LTT 1445 A តែប៉ុណ្ណោះ ប៉ុន្តែ បើសិនអ្នកស្ថិតនៅលើភពនេះ អ្នកអាចមើលឃើញទាំងផ្កាយ LTT 1445 B និង LTT 1445 C ធ្វើឱ្យទិដ្ឋភាពលើភពនេះ ស្រដៀងទៅនឹងភពប្រឌិតមួយនៅក្នុងខ្សែភាពយន្ត Star Wars។
ក្នុងរបាយការណ៍ស្រាវជ្រាវមួយដែលទើបត្រូវបានប្រកាសលើទស្សនាវដ្ដី Astronomical Journal ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយបណ្ឌិត Emili Pass មកពីមជ្ឈមណ្ឌលរូបវិទ្យាតារាសាស្ត្រ Harvard & Smithsonian (សហរដ្ឋអាម៉េរិក) បានរកឃើញប្រការពិសេសមួយ នោះគឺថា LTT 1445 Ac ស្ថិតក្នុងប្រភេទភពដែលមានទំហំប៉ុនផែនដី។
យោងតាមការសង្កេតបន្ថែមដោយតេឡេស្កុប Hubble ក្រុមអ្នកវិទ្យាសាស្ត្រអាម៉េរិកបានគណនាឃើញថា ភពនេះមានម៉ាសធ្ងន់ជាង 1.37 ដង និងកាំធំជាង 1.07 ដង ធៀបនឹងផែនដី។ ដូច្នេះ ភពថ្ម LTT 1445 Ac មានម៉ាស និងទំហំប្រហាក់ប្រហែលនឹងផែនដី។
ប្រការដែលគួរឱ្យស្ដាយគឺថា LTT 1445 Ac ស្ថិតនៅក្បែរផ្កាយមេរបស់វាពេក ធៀបនឹងការចង់បានរបស់មនុស្ស។ បើទោះកូនផ្កាយនេះមានពន្លឺតិច និងត្រជាក់ជាងព្រះអាទិត្យរបស់មនុស្ស ប៉ុន្តែដោយសារវដ្ដនៃគន្លងគោចរត្រឹមតែ 3.12 ថ្ងៃ ផ្ទៃរបស់ភព LTT 1445 Ac មានសីតុណ្ហភាពរហូតដល់ 260 អង្សាសេ ដែលមិនងាយនឹងឱ្យជីវិតដូចលើផែនដី អាចកកើតបាន។
ស្ថានភាពរបស់ភព LTT 1445 Ac អាចជួយឱ្យអ្នកវិទ្យាសាស្ត្រយល់ច្បាស់ជាងមុនអំពីរបៀបដែលភពស្រដៀងនឹងផែនដី អាចកកើត និងរីកចម្រើននៅក្នុងប្រព័ន្ធផ្កាយផ្សេងៗ ដែលនេះក៏នឹងជួយកាត់បន្ថយទំហំនៃ ការស្វែងរកជីវិតនៅក្នុងចក្រវាល៕