កាលពីថ្ងៃទី 02 វិច្ឆិកា ប្រទេសចិនបានទទួលជោគជ័យក្នុងការសាកល្បងដំណើរការហោះឡើង និងចុះចតដោយឈរត្រង់នៃរ៉ុក្កែតពាណិជ្ជកម្ម SQX-2Y ដែលអាចប្រើប្រាស់ឡើងវិញ។ នេះគឺជាជំហានថ្មីរបស់ប្រទេសចិននៅក្នុងវិស័យអវកាស។
រ៉ុក្កែត SQX-2Y ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Beijing Interstellar Glory Space Technology។ រ៉ុក្កែតនេះមានអង្កត់ផ្ចិតប្រវែង 3.35 ម៉ែត្រ, បណ្ដោយប្រហែល 17 ម៉ែត្រ និងបំពាក់ម៉ាស៊ីនប្រើប្រាស់មេតានអុកស៊ីសែនរាវ។ នេះគឺជាលើកដំបូងដែលប្រទេសចិនធ្វើតេស្តលើការហោះឡើង ចុះចតដោយឈរត្រង់ និងប្រើប្រាស់ឡើងវិញបាននូវរ៉ុក្កែតប្រើឥន្ធនៈរាវមួយជាន់ក្នុងទម្រង់ពេញលេញ។
ការសាកល្បងខាងលើនេះត្រូវបានធ្វើឡើងក្នុងមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Tửu Tuyền នៅភាគពាយព្យប្រទេសចិន។ ក្នុងការធ្វើតេស្តនេះ រ៉ុក្កែតបានហោះឡើងដល់កម្ពស់ 178.42 ម៉ែត្រ ខណៈរយៈពេលហោះហើរគឺ 50.82 វិនាទី និងសុក្រឹតភាពនៃទីតាំងចុះចតគឺប្រហែល 1.68 ម៉ែត្រ រួមនឹងល្បឿនចុះចតគឺ 0.025 ម៉ែត្រ/វិនាទី។
ក្រុមហ៊ុន Beijing Interstellar Glory Space Technology ឱ្យដឹងថា ការធ្វើតេស្តនេះមិនត្រឹមតែជួយដល់ការវាយតម្លៃលើគម្រោងអភិវឌ្ឍរ៉ុក្កែតដែលអាចប្រើឡើងវិញបាននោះទេ ប៉ុន្តែក៏ប្រមូលបាននូវទិន្នន័យសំខាន់ និងផ្ដល់ជាជំនួយផ្នែកបច្ចេកទេសសម្រាប់ការអភិវឌ្ឍរ៉ុក្កែតខ្នាតមធ្យម និងធំ ក៏ដូចជាការប្រើប្រាស់មេតានអុកស៊ីសែនរាវ ដែលអាចប្រើប្រាស់ឡើងវិញបានផងដែរ។
រ៉ុក្កែតមានពីរប្រភេទគឺ រ៉ុក្កែតឥន្ធនៈរឹង និងរ៉ុក្កែតឥន្ធនៈរាវ បើសិនបែងចែកទៅតាមប្រភេទឥន្ធនៈដែលប្រើប្រាស់សម្រាប់ម៉ាស៊ីន។ រ៉ុក្កែតឥន្ធនៈរាវមានចំណុចវិជ្ជមានត្រង់ថា វាជួយកាត់បន្ថយការចំណាយ កម្រិតនៃការស៊ីឥន្ធនៈ ការកែប្រែកម្លាំងរុញច្រាន និងលទ្ធភាពនៃការប្រើប្រាស់ឡើងវិញ។ បច្ចុប្បន្ន ប្រទេសនានាកំពុងផ្ដោតទៅលើការស្រាវជ្រាវ អភិវឌ្ឍរ៉ុក្កែតរុញច្រានពាណិជ្ជកម្មដែលអាចប្រើប្រាស់ឡើងវិញបាន។ ការប្រើប្រាស់ឡើងវិញនេះ មិនត្រឹមតែកាត់បន្ថយការចំណាយលើផ្នែករឹងរបស់រ៉ុក្កែតនោះទេ ប៉ុន្តែក៏ធ្វើឱ្យសកម្មភាព និងឧបករណ៍នៅលើដីមានភាពសាមញ្ញ ដូច្នេះក៏កាត់បន្ថយការចំណាយលើដំណើរការនៅលើដី និងបង្កើនការបាញ់បង្ហោះ៕