(ប្រទេសចិន) -អវកាសចរ 3 រូបនៃបេសកកម្ម Shenzhou 16 ត្រលប់មកកាន់ផែនដីវិញដោយសុវត្ថិភាពកាលពីព្រឹកមិញ បន្ទាប់ពីបានរស់នៅ និងធ្វើការរយៈពេល 5 ខែនៅលើស្ថានីយអវកាស Tiangong។
យោងតាមការប្រកាសរបស់ទីភ្នាក់ងារអវកាសមានមនុស្សបើកបរចិន (CMSA) ក្រុមអ្នកអវកាសដែលរួមមាន Jing Haipeng, Zhu Yangzhu និង Gui Haichao បានចុះចតដោយកាប៊ីនឆ្លងកាត់បរិយាកាសរបស់យានអវកាស Shenzhou 16 នៅលើទីលានចុះចត Dongfeng កាលពីវេលាម៉ោង 7 និង 10 នាទី ថ្ងៃទី 31 តុលា (ម៉ោងនៅកម្ពុជា)។
ក្រុមអ្នកអវកាស Shenzhou 16 ត្រូវបានបាញ់បង្ហោះឡើងទៅកាន់ស្ថានីយអវកាស Tiangong ដោយរ៉ុក្កែត Long March 2F កាលពីខែឧសភា 2023។ ពួកគេបានបំពេញការងាររយៈពេល 5 ខែនៅលើស្ថានីយនេះ។ ចំណែក ក្រុម Shenzhou 17 នឹងធ្វើការរយៈពេល 6 ខែនៅលើស្ថានីយ Tiangong ។
ស្ថានីយអវកាសចិន Tiangong ដែលមានទំហំស្មើនឹង 20% នៃទំហំរបស់ស្ថានីយអវកាសអន្តរជាតិ (ISS) ត្រូវបានស្ថាបនារួចរាល់កាលពីចុងឆ្នាំ 2022 ។ ប្រទេសចិនគ្រោងនឹងរក្សាស្ថានីយអវកាសដែលមានមនុស្សធ្វើការនេះ ក្នុងរយៈពេលយ៉ាងតិចមួយទសវត្សរ៍។ ពួកគេក៏មានគម្រោងពង្រីកទំហំរបស់ស្ថានីយរាងអក្សរ T នេះផងដែរ ដែលបច្ចុប្បន្នមានម៉ូឌុលសរុបចំនួនបី៕