លោកស្រី Revital Gotliv ដែលជាតំណាងរាស្ត្រមកពីបក្សកាន់អំណាចនៅប្រទេសអ៊ីស្រាអែល បានអំពាវនាវឱ្យមានការប្រើប្រាស់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអែរឆ្លើយតបនឹងក្រុមហាម៉ាស ដើម្បីស្ដារសន្តិសុខជាតិ។
«ចូរប្រើប្រាស់មីស៊ីល Jericho! គំនិតរបស់ខ្ញុំគឺថា ចូរប្រើប្រាស់អាវុធប្រល័យលោក! សូមព្រះថែរក្សាការពារកម្លាំងរបស់យើង» លោកស្រី Revital Gotliv តំណាងរាស្ត្រមកពីបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីថ្ងៃទី 09 តុលា បានសរសើរលើបណ្ដាញសង្គម X ដូច្នេះ។
Jericho គឺជាមីស៊ីលអន្តរទ្វីប (ICBM) របស់ប្រទេសអ៊ីស្រាអែល ដែលអាចវាយប្រហារលើគ្រប់តំបន់ក្នុងពិភពលោក។ អ៊ីស្រាអែលត្រូវបានគេជឿថា មានក្បាលគ្រាប់នុយក្លេអែរពី 100 ទៅ 200 គ្រាប់ ប៉ុន្តែរដ្ឋាភិបាលប្រទេសនេះមិនបានទទួលស្គាល់ ឬបដិសេធព័ត៌មាននេះ។
លោកស្រី Revital Gotliv បន្តថា «អ៊ីស្រាអែលត្រូវតែប្រើប្រាស់អាវុធគ្រប់ធុនដែលមាននៅក្នុងឃ្លាំងរបស់ខ្លួន»។
មតិរបស់លោកស្រី Revital Gotliv ត្រូវបានលើកឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីហាម៉ាស ដែលជាក្រុមប្រដាប់អាវុធកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា កាលពីថ្ងៃទី 07 តុលា បានបាញ់មីស៊ីលរាប់ពាន់គ្រាប់ និងប្រើប្រាស់កម្លាំងជើងគោក អាកាស និងជើងទឹក វាយប្រហារស្របគ្នាលើទីរួមស្រុក និងតំបន់រស់នៅនានារបស់ប្រទេសអ៊ីស្រាអែល បណ្ដាលឱ្យមនុស្សជាង 1,000 នាក់បាត់បង់ជីវិត។
កងទ័ពអ៊ីស្រាអែលបានឆ្លើយតបដោយការប្រកាសសង្គ្រាម វាយប្រហារតាមអាកាសលើគោលដៅនៅតំបន់ហ្គាហ្សា និងដាក់ពង្រាយកម្លាំងរាប់ពាន់នាក់ឡោមព័ទ្ធតំបន់នេះ។ ក៏ប៉ុន្តែ លោកស្រី Gotliv យល់ថា កងទ័ពអ៊ីស្រាអែលត្រូវតែធ្វើសកម្មភាពឱ្យបានខ្លាំងក្លាជាងនេះ៕