សហរដ្ឋអាម៉េរិក រុស្ស៊ី និងចិន យល់ឃើញផ្ទុយគ្នានៅពេលក្រុមប្រឹក្សាសន្តិសុខកោះប្រជុំបន្ទាន់ ពិភាក្សាអំពីសង្គ្រាមរវាងអ៊ីស្រាអែល និងកងទ័ពហាម៉ាសរបស់ប៉ាលេស្ទីន។
សមាជិកចំនួន 15 របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី 08 តុលា បានបើកកិច្ចប្រជុំបន្ទាន់រយៈពេលប្រហែល 90 នាទី នៅទីស្នាក់ការកណ្ដាលនៃអង្គការសហប្រជាជាតិនៅបុរីនីវយ៉ាក ដើម្បីស្ដាប់បេសកជនសន្តិភាពមជ្ឈិមបូព៌ា រាយការណ៍អំពីស្ថានការណ៍សង្គ្រាមហាម៉ាស – អ៊ីស្រាអែល។
ក្នុងកិច្ចប្រជុំបិទទ្វារ អាម៉េរិកបានអំពាវនាវឱ្យមានការថ្កោលទោសខ្លាំងក្លាទៅលើយុទ្ធនាការវាយប្រហាររបស់ក្រុមហាម៉ាសសំដៅលើអ៊ីស្រាអែលកាលពីថ្ងៃទី 07 តុលា។ «ប្រទេសមួយចំនួនបានថ្កោលទោសហាម៉ាស ប៉ុន្តែមិនមែនទាំងអស់» ឯកអគ្គរដ្ឋទូតរងអាម៉េរិកនៅអង្គការសហប្រជាជាតិ លោក Robert Wood បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះដូច្នេះ។
«គ្រប់គ្នាអាចស្មានបានថា អ្នកណាខ្លះដែលមិនថ្កោលទោសហាម៉ាស ដោយមិនចាំបាច់បញ្ចេញឈ្មោះ» លោក Wood បន្ថែមដូច្នេះ ដែលហាក់ចង់សំដៅទៅលើរុស្ស៊ី។
ក្រុមអ្នកការទូតឱ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខ ទំនងជានឹងមិនចេញសេចក្ដីថ្លែងការណ៍រួមនៅក្រោយកិច្ចប្រជុំបន្ទាន់នេះ។ សេចក្ដីថ្លែងការណ៍រួមត្រូវការមតិយល់ស្របពីសមាជិកទាំង 15 របស់ក្រុមប្រឹក្សាសន្តិសុខ ខណៈដែលឯកអគ្គរដ្ឋទូតរងអាម៉េរិក លោក Wood ឱ្យដឹងថា នេះមិនមែនជាអាទិភាពរបស់អាម៉េរិកនាពេលបច្ចុប្បន្ន។
សហរដ្ឋអាម៉េរិកប្រកាសគាំទ្រអ៊ីស្រាអែល ថ្កោលទោសហាម៉ាស និងអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខថ្កោលទោសផងដែរ គ្រាដែលចិន និងរុស្ស៊ី មិនយល់ស្របនឹងការយល់ឃើញរបស់អាម៉េរិក។
កងកម្លាំងប្រដាប់អាវុធហាម៉ាសរបស់ប៉ាលេស្ទីនដែលគ្រប់គ្រងតំបន់ហ្គាហ្សា (Gaza) កាលពីថ្ងៃទី 07 តុលា បានបាញ់ស្រោចរ៉ុក្កែតរាប់ពាន់គ្រាប់ និងវាយសម្រុកព្រមគ្នាតាមផ្លូវគោក ផ្លូវអាកាស ផ្លូវទឹកទៅលើទឹកដីអ៊ីស្រាអែល។
រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងថ្ងៃដដែលនោះក៏បានប្រកាសសង្គ្រាម ចេញបញ្ជាឱ្យទ័ពអាកាសបើកការវាយប្រហារដោយយន្តហោះចម្បាំងរាប់សិបគ្រឿងទៅលើគោលដៅនានានៅតំបន់ហ្គាហ្សា។
ភាគីអ៊ីស្រាអែល កាលពីថ្ងៃទី 09 តុលាបានឱ្យដឹងថា ប្រជាជនប្រទេសនេះជាង 700 នាក់បានស្លាប់ រាប់ចាប់តាំងពីហាម៉ាសបើកការវាយប្រហារ។ ចំណែកភាគីគ្រប់គ្រងតំបន់ហ្គាហ្សាវិញ រាយការណ៍ថា មនុស្សយ៉ាងតិច 413 នាក់បានស្លាប់នៅក្នុងតំបន់នេះ៕