យានអវកាស OSIRIS-REx បានហោះហើរក្នុងចម្ងាយផ្លូវ 6.2 ពាន់លានគីឡូម៉ែត្រ និងនាំយកកាប៊ីនផ្ទុកសំណាកដីរបស់អាចម៍ផ្កាយ Bennu មកចុះចតលើសមុទ្រខ្សាច់នៅសហរដ្ឋអាម៉េរិកប្រកបដោយភាពរលូន។
កាលពីថ្ងៃទី 24 កញ្ញា នៅតំបន់ពិសោធន៍ Dugway របស់កងទ័ពអាម៉េរិកលើសមុទ្រខ្សាច់ Utah ក្រុមបុគ្គលិករបស់ណាសា (NASA) និងទ័ពអាកាសអាម៉េរិក បានប្រមូលយកកាប៊ីនផ្ទុកសំណាកដីពីអាចម៍ផ្កាយ Bennu ដែលយានអវកាស OSIRIS-REx យកបានកាលពីឆ្នាំ 2020។
យោងតាម Space បេសកកម្មនេះគឺជាលើកដំបូងដែលណាសាបានយក និងបញ្ជូនសំណាកដីពីអាចម៍ផ្កាយមកកាន់ផែនដី។
បន្ទាប់ពីធ្វើដំណើរជាង 6.2 ពាន់លានគីឡូម៉ែត្រដើម្បីទៅកាន់ Bennu និងត្រលប់មកវិញ យានអវកាស OSIRIS-REx បានទម្លាក់កាប៊ីនផ្ទុកសំណាកដីអាចម៍ផ្កាយពីកម្ពស់ 101,000 គីឡូម៉ែត្រខាងលើផ្ទៃផែនដី។ កាប៊ីនអវកាសនេះផ្ទុកដី និងវត្ថុធាតុផ្សេងៗទម្ងន់ 250 ក្រាម ដែលយកបានពីអាចម៍ផ្កាយ Bennu។ សំណាកដីនេះអាចជួយបកស្រាយសំណួរសំខាន់ៗរបស់អ្នកវិទ្យាសាស្ត្រ ទាក់ទងនឹងប្រភពនៃជីវិតនៅលើផែនដី និងយុគសម័យដំបូងៗរបស់ប្រព័ន្ធព្រះអាទិត្យ។
បេសកកម្ម OSIRIS-REx មានតម្លៃមួយពាន់លានដុល្លារនេះត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ 2016 ហើយហោះទៅដល់អាចម៍ផ្កាយ Bennu ក្នុងឆ្នាំ 2018 និងយកសំណាកដីពីអាចម៍ផ្កាយនេះកាលពីឆ្នាំ 2020។
សំណាកដីអាចម៍ផ្កាយនេះនឹងត្រូវបានចែករំលែកទៅឱ្យវិទ្យាស្ថាន និងស្ថាប័នអវកាសនានានៅលើពិភពលោក។ ណាសានឹងរក្សាទុកសំណាក់ដីនេះ 70% ដើម្បីវិភាគនាពេលខាងមុខ។ ក្រៅពីនេះ សំណាក់ដី 25% ផ្សេងទៀតនឹងត្រូវប្រគល់ឱ្យអ្នកវិទ្យាសាស្ត្រជាង 200 នាក់នៅស្ថាប័នស្រាវជ្រាវចំនួន 35 ខណៈសំណាកដី 4% ទៀតនឹងត្រូវប្រគល់ឱ្យស្ថាប័នអវកាសកាណាដា និង 0.5% សម្រាប់ស្ថាប័នអវកាសជប៉ុន៕