ឧត្តមសេនីយ៍ Milley អះអាងថា អ៊ុយក្រែនបានវាយបក និងដណ្ដើមមកវិញបានជាង 54% នៃទឹកដីដែលកងទ័ពរុស្ស៊ីបានវាយយកតាំងពីសង្គ្រាមបានផ្ទុះឡើង។
ក្នុងសន្និសីទសារព័ត៌មាននៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី 19 កញ្ញា ឧត្តមសេនីយ៍ Mark Milley នាយអគ្គសេនាធិការចម្រុះសហរដ្ឋអាមេរិក បានអះអាងថា កងទ័ពអ៊ុយក្រែនបន្តសម្រេចបានគោលដៅក្នុងល្បឿនយឺត ប៉ុន្តែមានស្ថិរភាព នៅពេលរុញច្រានកងកម្លាំងរុស្ស៊ីចេញពីតំបន់កំពុងគ្រប់គ្រង។
«មកដល់ពេលនេះ អ៊ុយក្រែនរំដោះបានជាង 54% នៃទឹកដីរបស់ខ្លួនដែលរុស្ស៊ីគ្រប់គ្រង និងបន្តរក្សាភាពម្ចាស់ការក្នុងយុទ្ធសាស្ត្រ» ឧត្ដមសេនីយ៍ Milley ឱ្យដឹងដូច្នេះ។
Dave Butler អ្នកនាំពាក្យរបស់លោក Milley ក្រោយមកបានបកស្រាយថា តួលេខ 54% គឺទាក់ទងនឹងតំបន់នានាដែលអ៊ុយក្រែនរំដោះបាន រាប់ចាប់តាំងពីរុស្ស៊ីបានបើកយុទ្ធនាការយោធានៅអ៊ុយក្រែនកាលពីខែកុម្ភៈ 2022។
ការអះអាងរបស់លោក Milley ត្រូវបានលើកឡើងក្នុងពេលតំណាងយោធាជាង 50 ប្រទេស ដែលស្ថិតក្នុងក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ជួបប្រជុំនៅប្រទេសអាល្លឺម៉ង់ដើម្បីពិភាក្សាអំពីការជួយគាំទ្រដល់ទីក្រុងកៀវ។
សហរដ្ឋអាម៉េរិកគឺជាភាគីផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនច្រើនជាងគេ ដោយបានសន្យាថា ការផ្ដល់ជំនួយនេះនឹងមានរហូតដល់ 43.7 ពាន់លានដុល្លារអាម៉េរិក។ ដំបូងឡើយ អាម៉េរិកផ្ដល់អាវុធធុនស្រាល ហើយបន្ទាប់មកក៏ផ្ដល់កាំជ្រួចហ្វូង HIMARS, ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot, រថក្រោះធុនធ្ងន់ M2 Bradley, រថក្រោះ M1 Abrams ហើយថ្មីៗនេះក៏បានសន្យាថា នឹងបណ្ដុះបណ្ដាលពីឡុត F-16 ដល់អ៊ុយក្រែនទៀតផង៕