ក្រុមមន្ត្រីលីប៊ីបានអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ទាន់ បន្ទាប់ពីចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅទីក្រុងជាប់សមុទ្រ Derna កាលពីថ្ងៃទី 11 កញ្ញា បានកើនឡើងដល់ជាង 11,000 នាក់។
អង្គការអឌ្ឍចន្ទក្រហមលីប៊ី កាលពីថ្ងៃទី 14 កញ្ញា បានឱ្យដឹងថា មនុស្ស 11,300 នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់ក្នុងគ្រោះមហន្តរាយទឹកជំនន់នេះ ក្នុងនោះមានសាកសពជិត 2,000 នាក់ត្រូវបានទឹកជំនន់គួចចូលទៅសមុទ្រ។ ក្រុមមន្ត្រីនៅទីក្រុង Derna ជឿថា ចំនួនមនុស្សដែលបានស្លាប់អាចកើនដល់ 20,000 នាក់។
អង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិយល់ថា ការបាត់បង់ជីវិតមនុស្សដ៏ធំធេងអាចចៀសវាងបាន បើសិនលីប៊ីមានស្ថាប័នឧតុនិយមដែលមានប្រសិទ្ធភាព។ «បើសិនស្ថាប័នឧតុនិយមដំណើរការធម្មតា ពួកគេអាចប្រកាសអាសន្ន។ ស្ថាប័នគ្រប់គ្រងស្ថានការណ៍បន្ទាន់គួរណាស់តែបានធ្វើការឈ្លៀសមនុស្ស» Petteri Taalas ប្រធាន WMO ថ្លែងដូច្នេះ។
ភ្លៀងធំដែលកើតឡើងដោយសារព្យុះ Daniel កាលពីដើមសប្ដាហ៍នេះបានធ្វើឱ្យទំនប់ទឹកចំនួនពីរនៅកំណាត់ខាងលើនៃទន្លេដែលហូរឆ្លងកាត់ទីក្រុង Derna ត្រូវបាក់ នាំឱ្យទឹកជំនន់ហូរចូលទីក្រុងដែលមានប្រជាជនប្រមាណ 90,000 នាក់ និងបានបំផ្លាញ និងកួចយកស្ទើរគ្រប់អ្វីៗទាំងអស់ទៅកាន់សមុទ្រ៕