Frank Rubio បានស្ថិតនៅលើគន្លងតារាវិថីកម្រិតទាបរបស់ផែនដីជាង 355 ថ្ងៃ បំណែកកំណត់ត្រាស្ដីពីការបំពេញបេសកកម្មអវកាសយូរបំផុតលើពិភពលោក។
យោងតាមណាសា លោក Rubio រស់នៅ និងធ្វើការលើស្ថានីយអវកាសអន្តរជាតិ (ISS) ចាប់ពីខែកញ្ញា 2022 យូរជាងកំណត់ត្រាមុននោះរបស់អ្នកអវកាស Mark Vande Hei កាលពីវេលាម៉ោង 00 និង 40 នាទី ថ្ងៃទី 12 កញ្ញា 2023 (ពេលវេលានៅកម្ពុជា)។
តាមគម្រោង យានអវកាស Soyuz របស់រុស្ស៊ី នឹងដឹក Rubio ត្រលប់មកកាន់ផែនដីនៅថ្ងៃទី 27 កញ្ញាខាងមុខ។ ប្រការនេះមានន័យថា លោក Rubio នឹងឆ្លងកាត់ពេលវេលាយ៉ាងតិច 371 ថ្ងៃនៅលើគន្លងតារាវិថី មុននឹងបញ្ចប់បេសកកម្ម។ ពេលនោះ លោក Rubio នឹងក្លាយជាជនជាតិអាម៉េរិកដំបូងគេដែលរស់នៅ និងធ្វើការជាងមួយឆ្នាំក្នុងបរិស្ថានមីក្រូទំនាញ (ទំនាញផែនដីកម្រិតទាប)។
ការបំបែកកំណត់ត្រាខាងលើរបស់ Rubio គឺជារឿងចៃដន្យ ព្រោះថា ដំបូងក្រុមរបស់លោកគ្រោងនឹងបំពេញបេសកកម្មតែ 6 ខែប៉ុណ្ណោះ។ ក៏ប៉ុន្តែ ដោយសារយានអវកាសដែលដឹក Rubio និងមិត្តរួមការងារជនជាតិរុស្ស៊ីពីរនាក់ទៀត បានជួបបញ្ហាធ្លាយសារធាតុត្រជាក់កាលពីខែធ្នូ 2022។
ក្រុមអ្នកទទួលខុសត្រូវនៅទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ក្រោយមកក៏បានបញ្ជាក់ថា យាននេះមិនមានសុវត្ថិភាពនៅក្នុងការនាំអវកាសចរត្រលប់មកកាន់ផែនដី។ យាន Soyuz MS-22 បានត្រលប់មកកាន់ផែនដីកាលពីថ្ងៃទី 28 មីនា 2023 ដោយមិនបានដឹកអ្នកអវកាស។
Roscosmos ក៏បានបញ្ជូនយាន Soyuz MS-23 ទៅកាន់ ISS កាលពីថ្ងៃទី 25 កុម្ភៈ 2023 ដើម្បីជំនួសយាន Soyuz MS-22។ ថ្ងៃត្រលប់មកកាន់ផែនដីរបស់ Rubio ត្រូវបានពន្យាររហូតដល់ខែកញ្ញា 2023 ពេលរុស្ស៊ីត្រៀមសម្រាប់ការហោះហើររបស់យាន Soyuz បន្ទាប់ ដែលគ្រោងនឹងដឹកអ្នកអវកាសអាម៉េរិកម្នាក់ និងអ្នកអវកាសរុស្ស៊ីពីរនាក់ ទៅកាន់ ISS នៅថ្ងៃទី 15 កញ្ញាខាងមុខ៕