គ្រាន់តែមួយក្ដាប់សោះ ដីនេះមានតម្លៃឡើងដល់ 9 ពាន់លានដុល្លារអាម៉េរិក សូម្បីតែកំពូលមហាសេដ្ឋីពិភពលោកក៏ពិបាករកទិញ ព្រោះតែភាពកម្ររបស់វា។ ដូច្នេះតើនេះគឺជាដីអ្វី?
ដី ឬធូលីមួយក្ដាប់ដែលត្រូវបានចាត់ទុកថាមានតម្លៃខ្ពស់ជាងគេលើពិភពលោក គឺធូលីរបស់ភពអង្គារ។ ក្រុមអ្នកជំនាញនិយាយថា ធូលីភពអង្គារតែមួយក្ដាប់ក៏អាចត្រូវបានលក់ដេញថ្លៃក្នុងតម្លៃរហូតដល់ 9 ពាន់លានដុល្លារអាម៉េរិក។ នេះអាចត្រូវបានចាត់ទុកថា ជាធូលីថ្លៃបំផុតក្នុងកាឡាក់ស៊ីមីលគីវ៉េ។
មូលហេតុដែលធ្វើឱ្យធូលីភពអង្គារមានតម្លៃខ្ពស់បែបនេះគឺដោយសារគេត្រូវចំណាយពេលរហូតដល់មួយទសវត្សរ៍ ប្រាក់រាប់ពាន់លានដុល្លារអាម៉េរិក និងបេសកកម្មអវកាសជាច្រើន ទើបអាចនាំយកដី ឬធូលីមួយក្ដាប់មកដល់ផែនដី។
ជាក់ស្ដែង បេសកកម្មដែលនាំទៅរកការយកបានដីមួយក្ដាប់ពីភពអង្គារមកកាន់ផែនដី បានចាប់ផ្ដើមពីថ្ងៃទី 30 កក្កដា 2020 ដោយប្រើប្រាស់រ៉ុក្កែត Atlas V ដែលមានតម្លៃសរុបប្រហែល 109 លានដុល្លារអាម៉េរិក។ Atlas V នាំយកយាន Perseverance និងកូនឧទ្ធម្ភាគចក្រ Ingenuity ទៅជាមួយ។ ជើងហោះហើរនេះអូសបន្លាយពេលប្រហែល 7 ខែ។
រហូតដល់ថ្ងៃទី 18 កុម្ភៈ 2021 រ៉ុក្កែត Atlas V ក៏បានហោះដល់គោលដៅ។ ក្រោយពីបានចុះចតដោយជោគជ័យលើផ្ទៃភពអង្គារ យាន Perseverance ក៏ចាប់ផ្ដើមដំណើរប្រមូលយកសំណាកដី និងអនុវត្តបេសកកម្មនាំយកដី ធូលីរបស់ភពក្រហមនេះមកកាន់ផែនដី។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា អាចរកឃើញដាននៃភាវៈរស់ក្នុងសំណាកដីភពអង្គារនេះ។
បេសកកម្មរបស់យាន Perseverance របស់ណាសា ក៏មានគោលដៅមួយផ្សេងទៀត នោះគឺការពិសោធបច្ចេកវិទ្យាផលិតអុកស៊ីសែនលើភពអង្គារ ដោយប្រើប្រាស់ធនធាននៅលើភពនេះ។ ដើម្បីធ្វើបានបែបនេះ យានរបស់ណាសាដែលមានតម្លៃ 2.7 ពាន់លានដុល្លារ នឹងប្រមូលសំណាកដីរហូតដល់ឆ្នាំ 2023។ ប៉ុន្តែយាននេះនឹងទុកបំពង់ផ្ទុកសំណាកដីលើផ្ទៃភពអង្គារ។
ជិតមួយទសវត្សរ៍ក្រោយ សំណាកដីនេះនឹងត្រូវបានយកមកកាន់ផែនដីដោយយានមួយផ្សេងទៀតដែលមានតម្លៃរាប់ពាន់លានដុល្លារ និងចំណាយពេល 7 ខែដើម្បីហោះទៅដល់ភពអង្គារ។ បេសកកម្មថ្មីនាពេលអនាគតនោះនឹងចំណាយពេលសរុបប្រហែល 5 ឆ្នាំទៀត។ សំណាកដីភពអង្គារដែលនឹងត្រូវបាននាំមកដល់ផែនដី នឹងត្រូវបានមនុស្សពិនិត្យដើម្បីឱ្យដឹងថា តើភពអង្គារមានភាវៈរស់ ឬអត់?
ជាងនេះ ការសិក្សាស្រាវជ្រាវសំណាកដី ធូលីភពអង្គារក៏អាចជួយឱ្យអ្នកវិទ្យាសាស្ត្ររកឃើញ ឬបកស្រាយអំពីអាថ៌កំបាំងជាច្រើនដែលទាក់ទងនឹងភពក្រហមនេះផងដែរ។ នេះក៏ជាមូលហេតុដែលរួមចំណែកជួយឱ្យដី ឬធូលីភពអង្គារមួយក្ដាប់មានតម្លៃរហូតដល់ 9 ពាន់លានដុល្លារអាម៉េរិក៕