បើសិនអាកាសធាតុមានអំណោយផលល្អ នៅថ្ងៃទី 31 សីហានេះ អ្នកដែលចូលចិត្តវិស័យតារាសាស្ត្រនឹងមានឱកាសគយគន់ចន្ទពេញបូណ៌មីធំជាងគេបង្អស់នៅក្នុងឆ្នាំនេះ បើធៀបនឹងចន្ទពេញវង់ធម្មតា។
ឆ្នាំ 2023 ត្រូវបានចាត់ទុកថាជាឆ្នាំពិសេសសម្រាប់វិស័យតារាសាស្ត្រ ដោយសារមានបាតុភូតចន្ទពេញវង់ធំជាងគេបង្ហាញខ្លួនពីរដង។ បាតុភូតចន្ទពេញវង់ធំជាងគេលើកនេះគឺជាចន្ទពេញបូណ៌មីលើកទីពីរក្នុងខែសីហាឆ្នាំ 2023 និងត្រូវបានគេផ្ដល់រហ័សនាមថា ព្រះចន្ទពណ៌ខៀវ។ មហាចន្ទពេញវង់លើកនេះនឹងមានរូបរាងធំជាង និងភ្លឺជាងប្រហែល 7% ធៀបនឹងព្រះចន្ទពេញវង់ធម្មតា។
មហាចន្ទពេញវង់លើកនេះកើតឡើងនៅថ្ងៃទី 30 និង 31 ខែសីហា ប៉ុន្តែនឹងធំបំផុតនៅវេលាម៉ោង 8 និង 35 នាទី ថ្ងៃទី 31 សីហានៅកម្ពុជា។ ថ្វីបើនេះមិនមែនជាពេលវេលាល្អសម្រាប់ការគយគន់ ប៉ុន្តែប្រជាជននៅកម្ពុជាអាចមើលព្រះចន្ទពេញវង់ពិសេសនេះនៅពេលយប់ តែពន្លឺរបស់វានឹងថយចុះបន្តិចធៀបនឹងវេលាខាងលើ។
មហាចន្ទពេញវង់កើតឡើងនៅពេលព្រះចន្ទពេញបូណ៌មី និងស្ថិតនៅក្បែរផែនដីបំផុត។ គន្លងតារាវិថីរបស់ព្រះចន្ទជុំវិញផែនដីមានរាងដូចពងក្រពើ ដូច្នេះជារៀងរាល់ខែ ព្រះចន្ទតែងតែគោចរឆ្លងកាត់តំបន់ជិតផែនដីបំផុត និងតំបន់ឆ្ងាយពីផែនដីបំផុត។
ព្រះចន្ទពេញបូរណ៌មីលើកទីពីរក្នុងខែសីហានេះ គឺជាមហាចន្ទពេញវង់ទីបី និងស្ថិតនៅជិតផែនដីបំផុតក្នុងចំណោមមហាចន្ទពេញវង់ទាំងបួនក្នុងឆ្នាំ 2023៕