ព្រៃបុរាណដ៏ធំមួយត្រូវបានរកឃើញក្នុងរណ្ដៅជម្រៅជិត 200 ម៉ែត្រ ស្ថិតក្នុងឧស្យានភូមិសាស្ត្រសកល Leye Fengshan របស់ប្រទេសចិន។
ទំព័រ Mail កាលពីថ្ងៃទី 21 សីហា 2023 បានរាយការណ៍ថា អ្នកស្រាវជ្រាវមួយក្រុមបានប្រទះឃើញព្រៃបុរាណមួយក្នុងឧទ្យាន Leye Fengshan កាលពីខែឧសភា 2022។ ឧស្យានភូមិសាស្ត្រសកល Leye Fengshan (Leye Fengshan Global Geopark) ជាទីដែលមានរណ្ដៅធម្មជាតិបុរាណខាងលើ ស្ថិតក្នុងតំបន់ស្វយ័តជនជាតិ Zhuang Guangxi នៅភាគអាគ្នេយ៍ប្រទេសចិន។
ការរកឃើញខាងលើនេះ ធ្វើឱ្យចំនួនរណ្ដៅធម្មជាតិខ្នាតយក្សរបស់តំបន់ ឧទ្យាន Leye Fengshan កើនឡើងដល់ 30។
Zhang Yuanhai ដែលជាវិស្វករនៅវិទ្យាស្ថានភូគព្ភសាស្ត្រថ្មកំបោរនៃនាយកដ្ឋានស្រាវជ្រាវភូមិសាស្ត្រចិន ឱ្យដឹងថា តំបន់ព្រៃក្នុងរណ្ដៅធម្មជាតិដែលទើបត្រូវបានរកឃើញនេះ ត្រូវបានការពារទាំងស្រុង និងមានរូងភ្នំចំនួនបីនៅត្រង់ជញ្ជាំងរណ្ដៅ។ រណ្ដៅធម្មជាតិនេះមានបណ្ដោយប្រវែង 306 ម៉ែត្រ, ទទឹង 150 ម៉ែត្រ និងជម្រៅ 192 ម៉ែត្រ។ រណ្ដៅនេះមានចំណុះឡើងដល់ជាង 5 លានម៉ែត្រគុប ស្ថិតក្នុងក្រុមរណ្ដៅធម្មជាតិខ្នាតយក្ស។
សមាជិកក្រុមស្រាវជ្រាវខាងលើឱ្យដឹងថា រុក្ខជាតិដុះដេរដាសខាងក្នុងរណ្ដៅ និងដើមឈើបុរាណដុះនៅបាតរណ្ដៅមានកម្ពស់ដល់ជិត 40 ម៉ែត្រ។ ដើម្បីស្រាវជ្រាវ ក្រុមអ្នកវិទ្យាសាស្ត្រត្រូវចុះទៅកាន់ជម្រៅជាង 100 ម៉ែត្រ និងដើរច្រើនម៉ោងមុននឹងទៅដល់មាត់រណ្ដៅ។
ឧទ្យានភូមិសាស្ត្រកើតឡើងពីថ្មកំបោរ ក្នុងនោះ រណ្ដៅកើតឡើងដោយសារស្រទាប់ថ្មខាងលើត្រូវទឹកក្រោមដីបំផ្លាញ។ ទម្រង់រូបរាងរបស់មាត់រណ្ដៅបានផ្ដល់ភាពងាយស្រួលសម្រាប់ពន្លឺព្រះអាទិត្យចាំងចូលទៅខាងក្នុង ហើយតំបន់ព្រៃក្នុងរណ្ដៅនេះអាចរីកចម្រើនបន្តទៀត៕