ហេតុការណ៍ធ្លាក់យានអវកាសព្រះចន្ទ Luna-25 ទំនងជាកើតឡើងដោយសារបញ្ហាម៉ាស៊ីន។ នេះបើតាម Yury Borisov ប្រធានអង្គការអវកាសរុស្ស៊ី Roscosmos ឱ្យដឹងកាលពីថ្ងៃទី 21 សីហា។
នៅលើទូរទស្សន៍ Russia-24 លោក Borisov និយាយថា យានអវកាស Luna-25 ប្ដូរទិស និងបញ្ឆេះម៉ាស៊ីនដើម្បីឆ្ពោះចូលគន្លងគោចរជុំវិញព្រះចន្ទ មុននឹងចុះចត។ ក៏ប៉ុន្តែ ម៉ាស៊ីនមិនបានឈប់ដូចការគ្រោងទុក។ តាមការកំណត់ ម៉ាស៊ីនត្រូវតែដំណើរការ 84 វិនាទី ប៉ុន្តែវាដំណើរការរហូតដល់ 127 វិនាទី។ នេះគឺជាមូលហេតុចម្បងដែលបណ្ដាលឱ្យយានធ្លាក់បុកផ្ទៃព្រះចន្ទ។
Roscosmos បានដាច់ទំនាក់ទំនងជាមួយយាន Luna-25 កាលពីថ្ងៃទី 19 សីហា។ មួយថ្ងៃក្រោយមក ពួកគេក៏បានប្រកាសថា បេសកកម្មព្រះចន្ទរបស់ Luna-25 បានបរាជ័យ។ Roscosmos បង្ហើបឱ្យដឹងថា Luna-25 បានព្យាយាមប្រើប្រាស់ម៉ាស៊ីនរុញច្រានដើម្បីកែតម្រូវគន្លងគោចរ មុនពេលដាច់ទំនាក់ទំនង។
យានអវកាសខាងលើហោះឆ្ពោះទៅកាន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ ហើយគ្រោងនឹងចុះចតនៅទីនោះក្នុងថ្ងៃទី 21 សីហា 2023 ប៉ុន្តែបានបរាជ័យ។
ទំព័រ TASS រាយការណ៍ថា រុស្ស៊ីកំពុងតែរៀបផែនការសម្រាប់បេសកកម្ម Luna មួយផ្សេងទៀត រួមមាន Luna-26 និង Luna-27។ Luna-25 ត្រូវបានគេរំពឹងថាជាជំហានសំខាន់ថ្មីបំផុតក្នុងវិស័យអវកាសរបស់រុស្ស៊ី។ ប្រទេសនេះមិនធ្លាប់បានបញ្ជូនយានអវកាសណាមួយទៅចុះចតលើឋានព្រះចន្ទ រាប់ចាប់ពីក្រោយសម័យសូវៀត។ បេសកកម្ម Luna ចុងក្រោយគឺ Luna-24 ដែលបានចុះចតលើឋានព្រះចន្ទនៅថ្ងៃទី 18 សីហា 1976៕