អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) បានប្រកាសថា ស្ថានីយចុះចតរបស់បេសកកម្ម Chandrayaan-3 នឹងចុះចតលើឋានព្រះចន្ទនៅវេលាម៉ោង 19 និង 34 នាទី ថ្ងៃទី 23 សីហា 2023 (ម៉ោងនៅកម្ពុជា)។
ដំណើរការចុះចតនឹងត្រូវបានផ្សាយផ្ទាល់លើគេហទំព័រផ្លូវការរបស់ ISRO និងលើទូរទស្សន៍ជាតិឥណ្ឌា Doordarshan រួមនឹងបណ្ដាញសង្គម Facebook និង YouTube ជាដើម។ នេះបើតាមអង្គការស្រាវជ្រាវអវកាសឥណ្ឌា ប្រកាសកាលពីថ្ងៃទី 20 សីហា។
«សមិទ្ធផលនេះនឹងជាជំហានសំខាន់មួយសម្រាប់វិទ្យាសាស្ត្រ បច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា ដែលជានិមិត្តរូបនៃវឌ្ឍនភាពរបស់ប្រទេសជាតិក្នុងវិស័យស្រាវជ្រាវអវកាស» ISRO លើកឡើងដូច្នេះ។
រ៉ុក្កែត LVM3 នាំស្ថានីយចុះចត Vikram របស់បេសកកម្ម Chandrayaan-3 ហោះឡើងពីមជ្ឈមណ្ឌលអវកាស Satish Dhawan នៅវេលាម៉ោង 16 និង 05 នាទី ថ្ងៃទី 14 កក្កដា 2023 (ពេលវេលានៅកម្ពុជា)។ យាន Chandrayaan-3 បានហោះដល់គន្លងតារាវិថីព្រះចន្ទកាលពីថ្ងៃទី 05 សីហា 2023។
Vikram នាំយករ៉ូបូត Pragyan មួយគ្រឿងទៅតាមខ្លួន។ យានមួយគូដែលដំណើរដោយថាមពលព្រះអាទិត្យនេះនឹងស្រាវជ្រាវអំពីផ្ទៃរបស់ព្រះចន្ទក្នុងរយៈពេលមួយថ្ងៃលើឋាននេះ (ប្រហែលនឹង 14 ថ្ងៃនៅលើផែនដី) មុនពេលរាត្រីព្រះចន្ទមកដល់ ធ្វើឱ្យពួកវាអស់ថាមពល។
ស្ថានីយ Vikram បានទៅដល់គន្លងគោចរដែលមានចម្ងាយពីព្រះចន្ទពី 25 ទៅ 134 គីឡូម៉ែត្រ កាលពីថ្ងៃទី 20 សីហា 2023។ ស្ថានីយនេះនឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យដោយស្វ័យប្រវត្ត និងរង់ចាំព្រះអាទិត្យរះនៅតំបន់ក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទដែលត្រូវបានកំណត់ជាទីតាំងចុះចត។ តំបន់ដែលអាចមានទឹកក្នុងទម្រង់កកនេះក៏ជាគោលដៅរបស់យានអវកាសរុស្ស៊ី Luna-25 ផងដែរ ប៉ុន្តែវាបានធ្លាក់ទៅបុកដីព្រះចន្ទ មិនអាចចុះចតនៅថ្ងៃទី 21 សីហា ទៅតាមផែនការ។ Vikram បំពាក់ឧបករណ៍វិទ្យាសាស្ត្រចំនួនបួនគ្រឿងសម្រាប់ការពិសោធវិទ្យាសាស្ត្រ៕