បេសកកម្មព្រះចន្ទដំបូងរបស់ប្រទេសរុស្ស៊ីក្រោយរយៈពេល 47 ឆ្នាំ បានទទួលបរាជ័យ ពេលយាន Luna-25 បាត់បង់ការគ្រប់គ្រងក្នុងគ្រាចុះចត និងបានធ្លាក់បុកផ្ទៃព្រះចន្ទ។
យោងតាមសារព័ត៌មាន Reuters ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos ប្រកាសថា បានដាច់ទំនាក់ទំនងជាមួយនឹងយាន Luna-25 វេលាម៉ោង 18 និង 57 នាទី ថ្ងៃទី 19 សីហា 2023 (ម៉ោងនៅកម្ពុជា) ពេលយាននេះជួបបញ្ហាពេលឆ្ពោះទៅកាន់គន្លងគោចរ មុនពេលចុះចតលើឋានព្រះចន្ទ។ តាមគម្រោង Luna-25 នឹងចុះចតលើឋានព្រះចន្ទនៅថ្ងៃទី 21 សីហានេះ។ «យានអវកាសហោះហើរក្នុងគន្លងគោចរដែលមិនអាចស្មានត្រូវ និងឈប់ដំណើរការដោយសារតែប៉ះទង្គិចនឹងផ្ទៃព្រះចន្ទ» Roscosmos ឱ្យដឹងដូច្នេះ។
Roscosmos បានបង្កើតគណៈកម្មការផ្ទៃក្នុងពិសេសមួយដើម្បីស៊ើបអង្កេតរកមូលហេតុនៅពីក្រោយបរាជ័យរបស់យាន Luna-25 ដែលជាបេសកកម្មវិលត្រលប់មកប្រកួតប្រជែងលើឋានព្រះចន្ទ។ បរាជ័យនេះបានបង្ហាញនូវជំហានថយក្រោយរបស់រុស្ស៊ី រាប់ចាប់ពីសង្គ្រាមត្រជាក់ ដែលកាលនោះ សូវៀត (រុស្ស៊ីបច្ចុប្បន្ន) បានក្លាយជាប្រទេសដំបូងគេដែលបាញ់បង្ហោះផ្កាយរណប Sputnik 1 ឡើងទៅកាន់គន្លងតារាវិថីផែនដីក្នុងឆ្នាំ 1957 និងអ្នកអវកាស Yuri Gagarin បានក្លាយជាមនុស្សដំបូងគេដែលបានហោះទៅកាន់ទីអវកាសក្នុងឆ្នាំ 1961។ Luna-25 គឺជាបេសកកម្មទៅកាន់ឋានព្រះចន្ទដំបូងរបស់រុស្ស៊ី បន្ទាប់ពី Luna-24 ក្នុងឆ្នាំ 1976។
រុស្ស៊ីកំពុងរត់ប្រណាំងជាមួយនឹងឥណ្ឌា ជាប្រទេសដែលបានបាញ់បញ្ជូនយានអវកាសទៅកាន់តំបន់ប៉ូលខាងត្បូងរបស់ព្រះចន្ទ។ តាមគម្រោងរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា (ISRO) យាន Chandrayaan-3 នឹងចុះចតលើឋានព្រះចន្ទនៅថ្ងៃទី 23 សីហាខាងមុខ។
យាន Luna-25 បានចាកចេញពីគន្លងតារាវិថីផែនដីដោយជោគជ័យ ប៉ុន្តែបរាជ័យរបស់វាមានន័យថា រុស្ស៊ីអាចនឹងមិនមែនជាប្រទេសដំបូងគេដែលយកបានសំណាកទឹកកកនៅតំបន់ប៉ូលរបស់ព្រះចន្ទ៕